លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជនគុយបានៅថ្ងៃអង្គារនេះ ដោយផ្តោតទៅលើប្រវត្តិសាស្រ្តដ៏ស្មុគស្មាញរវាងប្រទេសដែលជាអតីតសត្រូវនៅក្នុងសង្គ្រាមត្រជាក់ទាំង២ ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យចំណងទាក់ទងរវាងប្រទេសទាំង២ត្រឡប់ទៅរកសភាពធម្មតាវិញ ហើយវាទស្សនវិស័យរបស់លោកចំពោះទំនាក់ទំនងនាពេលអនាគត។
សេតវិមានបានឲ្យដឹងថា សុន្ទរកថារបស់លោក អូបាម៉ា នៅ El Gran Teatro de Havana ដែលជាសារសំខាន់បំផុតនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសគុយបានោះ ត្រូវបានធ្វើឡើងនៅថ្ងៃចុងក្រោយបង្អស់នៃដំណើរទស្សនកិច្ចរបស់លោក។ លោកប្រធានាធិបតី អូបាម៉ា ក៏នឹងចូលរួមទស្សនាការប្រកួតបាល់បោះ រវាងក្រុម Tampa Bay Rays របស់ក្របខ័ណ្ឌ Major League Baseball របស់អាមេរិក ជាមួយនឹងក្រុមជម្រើសជាតិគុយបាផងដែរ។
កាលពីថ្ងៃចន្ទ លោក អូបាម៉ា ក៏បានលើកឡើងអំពីដំណើរវិវឌ្ឍន៍ទៅមុខនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងគុយបាដែរ ប៉ុន្តែលោកក៏ទទួលស្គាល់អំពីភាពខុសគ្នាខ្លាំងរវាងប្រទេសទាំង២ទៅលើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
បន្ទាប់ពីកិច្ចប្រជុំដែលមានលក្ខណៈស្មោះត្រង់និងឥតលាក់លៀមនៅក្នុងរដ្ឋធានី ឡាហាវ៉ាន ក្នុងដំណើរឆ្ពោះទៅកាន់កិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ត្រឡប់ទៅរកសភាពធម្មតាវិញ លោក អូបាម៉ា និងលោកប្រធានាធិបតីគុយបា Raul Castro បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ។
លោក អូបាម៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាពេលវេលានៃសេចក្តីសង្ឃឹមសម្រាប់ប្រទេសគុយបា»។
លោកប្រធានាធិបតីអាមេរិកបានមានប្រសាសន៍ថា លោកបានលើកឡើងយ៉ាងច្បាស់លាស់ទៅកាន់លោក Castro ថា សហរដ្ឋអាមេរិកនឹងបន្តនិយាយអំពីបញ្ហាសិទ្ធិមនុស្ស «ប៉ុន្តែអនាគតរបស់ប្រទេសគុយបាគឺមិនមែនសហរដ្ឋអាមេរិកឬប្រទេសដទៃទៀតជាអ្នកសម្រេចនោះទេ។ អនាគតរបស់គុយបានឹងត្រូវសម្រេចដោយប្រជាជនគុយបាខ្លួនឯង»៕