លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា ដែលបានអញ្ជើញទៅដល់ប្រទេសគុយបា ដើម្បីបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក។ លោកបានចុះពីយន្តហោះ Air Force One នៅក្រោយម៉ោង ៤:៣០ រសៀលថ្ងៃអាទិត្យនៅក្រោមមេឃមានពពកនិងមានភ្លៀងរលឹមបន្តិចៗនៅឯចំណតយន្តហោះអន្តរជាតិ Jose Marti ក្នុងក្រុងឡាហាវ៉ាន (Havana) ។
នៅមុនចុះចេញពីយន្តហោះប្រធានាធិបតី លោកអូបាម៉ាបាន tweet ថា «Que bola Cuba?» ដែលមានន័យថា«សួស្តីគុយបា»។ លោកបានមានប្រសាសន៍ថាលោក «នឹងជួបហើយស្តាប់ដោយផ្ទាល់ពីប្រជារាស្ត្រគុយបា»។
នៅឯកន្លែងយន្តហោះចត លោកប្រធានាធិបតី ភរិយាលោក កូនស្រីពីរនាក់របស់លោកនិងម្តាយក្មេកលោក ត្រូវបានទទួលស្វាគមន៍ពីគណៈប្រតិភូគុយបាមួយក្រុមតូច ដឹកនាំដោយលោករដ្ឋមន្ត្រីការបរទេស Bruno Rodriguez។
អ្នកការទូតជាន់ខ្ពស់ស.រ.អា.ក្នុងប្រទេសគុយបា គឺលោក Jeffrey DeLaurentis ដែលជាភារធារី ក៏បានទៅស្វាគមន៍គ្រួសារលោកអូបាម៉ាដែរ។
លោកស្រី Michelle Obama សុភាពស្ត្រីលេខមួយស.រ.អា. កូនស្រីទាំងពីរនាក់របស់លោកអូបាម៉ាគឺនាង Sasha និងនាង Malia ព្រមទាំងអ្នកស្រី Marian Robinson ដែលជាម្តាយលោកស្រី Michelle បានទទួលបាច់ផ្កាក្នុងកិច្ចស្វាគមន៍នោះ។
លោកអូបាម៉ាបាននាំទៅជាមួយលោកនូវគណៈប្រតិភូមួយ ដែលមានរួមបញ្ចូលក្រុមសមាជិកសភាស.រ.អា.មកពីគណបក្សនយោបាយទាំងពីរ ក្រុមអ្នកចាត់ចែងកិច្ចការប្រតិបត្តិនៃក្រុមហ៊ុនអាមេរិកាំងធំៗនិងពលរដ្ឋអាមេរិកាំងមានដើមកំណើតគុយបាសំខាន់ៗផងដែរ។
លោកប្រធានាធិបតីបានគ្រវីដៃដាក់អ្នកស្វាគមន៍លោកមួយក្រុម នៅពេលលោកឡើងជិះឡាន limousine មួយគ្រឿងនៅឯចំណតអាកាសយានដែលដឹកលោកទៅកាន់ការប្រជុំមួយនៃក្រុមបុគ្គលិកស្ថានទូតស.រ.អា.និងគ្រួសារពួកគេនៅឯសណ្ឋាគារ Melia Habana ក្នុងក្រុង ឡាហាវ៉ាន។
នៅក្នុងកំណត់សម្គាល់របស់លោកនៅឯសណ្ឋាគារនោះ លោកអូបាម៉ាបានមានប្រសាសន៍ថា «ការមានស្ថានទូតស.រ.អា.មួយក្នុងប្រទេសគុយបា មានន័យថាយើងអាចមានប្រសិទ្ធិភាពជាងមុនក្នុងការជំរុញសេចក្តីថ្លៃថ្នូរនិងផលប្រយោជន៍របស់យើង និងអាចយល់ប្រកបដោយប្រសិទ្ធិភាពជាងមុនអំពីកង្វល់របស់ប្រជាពលរដ្ឋគុយបា។ នេះជាទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយនិងជាឱកាសជាប្រវត្តិសាស្ត្រមួយផងដែរ»។
លោកប្រធានាធិបតីក៏បាននិយាយលេងសើចថា «កាលពីឆ្នាំ១៩២៨ លោកប្រធានាធិបតី Calvin Coolidge បានមកកាន់ប្រទេសគុយបាតាមនាវាចម្បាំងមួយគ្រឿង។ លោកបានធ្វើដំណើរបីថ្ងៃដើម្បីបានមកដល់ទីនេះ។ ខ្ញុំចំណាយពេលតែបីម៉ោងប៉ុណ្ណោះដើម្បីមកទីនេះ»។
លោកអូបាម៉ានិងក្រុមគ្រួសារលោកនឹងធ្វើជាអ្នកទេសចរនៅក្នុងយប់ទីមួយនៅលើកោះនេះនៃតំបន់សមុទ្រ Caribbean ដោយទៅទស្សនាកន្លែងល្បីឈ្មោះនៃក្រុងចាស់ឡាហាវ៉ាន៕