ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសគុយបានៅថ្ងៃអាទិត្យនេះ។
លោកនឹងក្លាយជាមេដឹកនាំអាមេរិកដំបូងគេ ដែលបានធ្វើទស្សនកិច្ចនៅប្រទេសជាកោះនោះ ចាប់តាំងពីប្រធានាធិបតីទី៣០របស់អាមេរិក គឺលោកCalvin Coolidge បានទៅប្រទេសនោះកាលពីជិត៩០ឆ្នាំមុន។
ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីអូបាម៉ានេះ គឺជាដំណើរទស្សនកិច្ចលើកដំបូង ដែលមេដឹកនាំអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសគុយបា ចាប់តាំងពីលោក Fidel Castro និងទ័ពព្រៃរបស់លោក បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកអតីតប្រធានាធិបតីគុយបា លោក Fulgencio Batista ដែលសហរដ្ឋអាមេរិកគាំទ្រកាលពីឆ្នាំ១៩៥៩។
ខណៈដែលអតីតប្រធានាធិបតីគុយបា លោក Fidel Castro នៅមានជីវិតរស់នៅនៅឡើយ លោក អូបាម៉ា មិនមានគម្រោងជួបជាមួយអតីតប្រធានាធិបតីគុយបារូបនេះទេ ប៉ុន្តែលោកអូបាម៉ានឹងជួបជាមួយប្រធានាធិបតីគុយបាបច្ចុប្បន្ន គឺលោក Raul Castro ដែលជាប្អូនប្រុសរបស់លោក Fidel Castro វិញ។
អ្នកខ្លះ ទាំងនៅគុយបា ទាំងនៅសហរដ្ឋអាមេរិក ខកចិត្តដែលលោកអូបាម៉ា ធ្វើដំណើរទៅកាន់ប្រទេសនេះ ខណៈដែលសមាជិកម្នាក់នៃគ្រួសារលោកCastro ស្ថិតនៅកាន់អំណាចនៅឡើយ។
ប៉ុន្តែមន្ត្រីអាមេរិកបាននិយាយថា បញ្ហាសិទ្ធិមនុស្សរបស់ប្រទេសគុយបានឹងក្លាយជាចំណុចផ្តោតសំខាន់នៅក្នុងជំនួបរបស់លោកអូបាម៉ា ជាមួយប្រធានាធិបតីគុយបា លោក Raul Castro។
លោកអូបាម៉ាក៏នឹងថ្លែងតាមកញ្ចក់ទូរទស្សន៍ទៅកាន់ប្រជាជនគុយបាផងដែរ។ លោក អូបាម៉ាក៏គ្រោងនឹងជួបជាមួយក្រុមប្រឆាំងនិងសហគ្រិននៅគុយបាផងដែរ។
មេដឹកនាំអាមេរិករូបនេះ ដែលនឹងធ្វើដំណើរជាមួយភរិយានិងកូនស្រីទាំងពីររបស់លោក នឹងក្លាយជាភ្ញៀវកិត្តិយសនៅឯពិធីទទួលទានអាហារពេលល្ងាចផ្លូវរដ្ឋមួយ ហើយលោកអូបាម៉ាក៏នឹងឆ្លៀតពេលដើរតាមផ្លូវនៅក្នុងរដ្ឋធានី Old Havana ដែរ។
បន្ថែមពីនេះទៀត លោកអូបាម៉ានិងលោកកាស្ត្រូក៏នឹងទៅទស្សនាការប្រកួតកីឡាbaseball រវាងក្រុមTampa Bay Rays និងក្រុមជម្រើសជាតិគុយបាផងដែរ៕