លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ាបានអបអរសាទរដល់ការជឿនលឿននៅក្នុងការទាក់ទងរវាងស.រ.អា និងប្រទេសគុយបា នៅពេលដែលលោកបានទទួលស្គាល់ថា ភាគីទាំងពីរនៅមានការខ្វែងគំនិតគ្នា«ធ្ងន់ធ្ងរណាស់» អំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោកប្រធានាធិបតីបានមានប្រសាសន៍ដូច្នេះ បន្ទាប់ពីកិច្ចចរចាជាមួយលោកប្រធានាធិបតីគុយបា Raul Castro អំពីវិធីដើម្បីជំរុញទៅមុខការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រក្រតីឡើងវិញ។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ លោក Raul Castro បានស្វាគមន៍ដល់ការបន្ធូរបន្ថយការរឹតត្បិតលើពាណិជ្ជកម្មនិងការធ្វើដំណើរដែលបានត្រូវប្រកាសដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏ប៉ុន្តែលោកបានគូសបញ្ជាក់អំពីសេចក្តីត្រូវការឲ្យមានសកម្មភាពដើម្បីលុបចោលការរាំងខ្ទប់ខាងពាណិជ្ជកម្ម ដែលមានរយៈពេល៥៥ឆ្នាំមកហើយលើប្រទេសកុម្មុយនិស្តមួយនេះ។លោក Raul Castro ក៏បានអំពាវនាវដល់ស.រ.អាឲ្យប្រគល់ទៅឲ្យប្រទេសគុយបាវិញនូវដីដែលបានត្រូវប្រើប្រាស់ជាមូលដ្ឋានកងទ័ពជើងទឹកស.រ.អានៅឆកសមុទ្រ Guantanamo។
លោកអូបាម៉ានិងលោក Raul Castro បានចាប់ដៃគ្នានៅមុនលោកទាំងពីរចាប់ផ្តើមកិច្ចចរចាគ្នានៅឯវិមានបដិវត្តន៍ មួយថ្ងៃក្រោយពីលោកអូបាម៉ាបានក្លាយទៅជាប្រធានាធិបតីស.រ.អាកំពុងកាន់តំណែងទីមួយក្នុងរយៈពេលជិត៩០ឆ្នាំដែលបានអញ្ជើញទៅកាន់ប្រទេសជាតិជាកោះនេះ។
កាលពីពេលមុននេះកាលពីថ្ងៃច័ន្ទដែរ លោកអូបាម៉ាបានចូលរួមក្នុងពិធីដាក់កម្រងផ្កាមួយនៅឯវិមានអនុស្សាវរីយ៍វីរបុរសឯករាជ្យគុយបា Jose Marti ឯនៅក្នុងទីលានបដិវត្តន៍។
លោកអូបាម៉ាបានសរសេរនៅក្នុងសៀវភៅភ្ញៀវមួយថាជា«កិត្តិយសដ៏ធំមួយដែលបានសម្តែងការគោរពដល់លោក Jose Marti ដែលបានបូជាជីវិតលោកដើម្បីឯករាជ្យនៃមាតុភូមិលោក។ ការជាប់ចិត្តយ៉ាងខ្លាំងរបស់លោកដល់សេរីភាពនិងការសម្រេចចិត្តដោយខ្លួនឯងមានដិតជាប់ជានិច្ចនៅក្នុងចំណោមប្រជាជនគុយបានៅពេលសព្វថ្ងៃនេះ»។
កាលពីថ្ងៃអាទិត្យ នៅទូទាំងក្រុងឡាហាវ៉ាន ប្រជាជនគុយបាបានឈរតាមដងផ្លូវនៅពេលក្បួនរថយន្តលោកប្រធានាធិបតីស.រ.អាបើកតាមទីនោះ បន្ទាប់ពីលោកបានទៅដល់ប្រទេសគុយបាដោយហ្វូងមនុស្សបានគ្រវីដៃអបអរសាទរ បង្ហាញការថើបដោយដៃ និងបានស្រែកបន្ទរឈ្មោះលោកអូបាម៉ា៕