លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រុមអ្នកបោះឆ្នោតអាមេរិកាំងគួរ«គិតគូរឱ្យបានហ្មត់ចត់»អំពីការថ្លែងដោយលោក Donald Trump ដែលគេសន្មតជាមុនថា ជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ និងបេក្ខជនប្រធានាធិបតីឯទៀតៗ។
លោក អូបាម៉ា បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅក្នុងការនិយាយត្រួសៗមួយនៅឯសេតវិមានថា៖ «នេះមិនមែនជាការកំសាន្តទេ។ នេះមិនមែនជាកម្មវិធីជីវិតជាក់ស្តែងទេ»។
នៅពេលត្រូវសួរចំៗអំពីលោក Trump លោកប្រធានាធិបតីបានមានប្រសាសន៍ថា បេក្ខជនប្រធានាធិបតីទាំងអស់«គួរមានស្តង់ដារពិតប្រាកដនិងការពិនិត្យពិច័យច្បាស់លាស់»។
លោក អូបាម៉ា បានសម្តែងកង្វល់អំពីគុណភាពនៃការរាយការណ៍ដោយបណ្តាញផ្សាយព័ត៌មានអំពីពួកបេក្ខជនប្រធានាធិបតី។ លោកបានមានប្រសាសន៍ថា ការគូសបញ្ជាក់អំពី«ការសម្តែងជាសាធារណៈយ៉ាងធំធេងនិងការសម្តែងសៀក»មិនមែនជាអ្វីដែលស.រ.អា.ចង់បាននោះទេ។
នៅពេលជាមួយគ្នានេះ លោកប្រធានាធិបតីបានមានប្រសាសន៍ថា លោកមិនគិតគូរសុំឱ្យលោក Bernie Sanders បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ផ្អាកការឃោសនាបោះឆ្នោតរបស់លោកទេ។ ក៏ប៉ន្តែលោកបានទទួលស្គាល់ថា សេចក្តីសង្ឃឹមរបស់លោក Sanders មានស្តួចស្តើង។ លោកស្រី គ្លីនតុន (Hillary Clinton) ដែលជាគូប្រជែងរបស់លោក Sanders នាំមុខលោកដោយមានប្រតិភូជាង៣០០នាក់បានសន្យាថានឹងគាំទ្រលោកស្រី។
លោកអូបាម៉ាបានមានប្រសាសន៍ថា ទោះណាជាអ្នកណាទទួលជ័យជម្នះ ទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យក៏ដោយក៏បញ្ហាចម្បងៗនៅតែដដែល។ លោក អូបាម៉ា បានមានប្រសាសន៍ថា«ដំណឹងល្អគឺថា មានការមូលមតិគ្នាខ្លាំងគួរសមនៅខាងក្នុងគណបក្សប្រជាធិបតេយ្យអំពីបញ្ហាជាច្រើន»។
លោកប្រធានាធិបតីមានជំនឿថា វិធីមានប្រសិទ្ធិភាពបំផុតសម្រាប់ឱ្យក្រុមប្រជាធិបតេយ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រឆាំងនឹងលោក Trump
គឺដោយគូសបញ្ជាក់អំពីសំណើសំខាន់ៗមួយចំនួនរបស់លោកដែលបានត្រូវរាំងខ្ទប់ដោយពួកសាធារណរដ្ឋនៅក្នុងសភាស.រ.អា.។ អាទិភាពស្នូលរបស់គណបក្សប្រជាធិបតេយ្យ ដូចជាការថែរក្សាសុខភាពនិងការកសាងហេដ្ឋារចនាសម្ព័ន្ធជាថ្មីនៅក្នុងស.រ.អា.«នៅតែជាវិធីល្អបំផុតដែលអាចជួយឱ្យគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតដោយពិតប្រាកដ»។
លោក អូបាម៉ា បានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំចង់ឱ្យពួកប្រជាធិបតេយ្យមានការទុកចិត្តអំពីគោលនយោបាយដែលយើងដាក់ទៅមុខ ហើយភាពផ្ទុយគ្នាមានភាពច្បាស់លាស់គួរសម»៕