លោក​អូបាម៉ា​ផ្តោត​លើ​ឯកភាព​​​ជាមួយ​មេដឹកនាំ​អឺរ៉ុប​ក្នុង​រឿង​រុស្ស៊ី

លោក​ប្រធានាធិបតី​​ បារ៉ាក់ អូបាម៉ា ឆ្លើយ​​នឹង​សំណួរ​អ្នក​យក​ព័ត៌មាន​នៅ​អគារ​ក្រុមប្រឹក្សា​អឺរ៉ុប ​European Council កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៤។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​មាន​ប្រសាសន៍​ថា ​សហគមន៍អន្តរជាតិ​រួបរួម​គ្នានៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​នៅ​ឯកកោ​ពីព្រោះ​តែ​ការ​យក​តំ​បន់​គ្រីមា​ធ្វើ​ជាផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន។

​ប្រធានាធិបតី​អូបាម៉ា ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល​ប្រទេស​ប៊ែលហ្សិក បន្ទាប់ពី​ជំនួប​ជាមួយ​ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​ស្តី​ពី​តម្រូវការថាមពល​នៅ​ពេល​អនាគតរបស់​អឺរ៉ុប​និង​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ​លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ផ្នែក​ថាម​ពល​របស់​រុស្ស៊ី​អាច​ក្លាយ​ជាទិស​ដៅ​នៃ​ការ​ដាក់​ទណ្ឌកម្មខាង​សេដ្ឋកិច្ចលើក​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។

​លោក​ប្រធានា​ធិបតី​អូបាម៉ា ​ក៏​ជួប​ជាមួយ​ពួក​មន្រ្តី​អង្គការ​អូតង់ (NATO) ​កាល​ពី​ថ្ងៃ​ពុធ។ ​លោក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានក្នុង​ទីក្រុង​ ព្រុចសែល ​ថា អង្គការ​អូតង់ ​ចាំបាច់​មានវត្តមាន​ជា​ប្រចាំនៅ​ក្នុង​ប្រទេស​នានា​ដែល​រង់​ផល​ប៉ះពាល់​ដោយ​រុស្ស៊ី។

​លោក​ប្រធានា​ធិបតី​ ​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា ​ស្ថាន​ភាព​ក្នុង​ប្រទេស​អ៊ុយក្រែន ​រំឭក​ឡើងវិញ​ថា ​សេរីភាព​មិន​បាន​មក​ដោយ​សេរី​ទេ ​ហើយ​លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​ការ​ការពារ​រួម​មានន័​យ​ថា ​ប្រទេស​ទាំង​អស់​ត្រូវ​រក្សា​កងទ័ព​ដើម្បី​ការពារ​ការ​កំញើញ​នេះ៕