សុន្ទរកថា​ប្រធានាធិបតី​អាមេរិក​ធ្វើ​ឲ្យ​មាន​មន្ទិល​អំពី​គោល​នយោបាយ​នៅ​អាស៊ីអាគ្នេយ៍

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ចូល​រួម​ក្នុង​សន្និសីទ​កំពូល​អាស៊ី​បូព៌ា East Asian Summit នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ដំណើរ​ទស្សកិច្ច​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា (Barack Obama) ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ចុង​ឆ្នាំ​២០១២​ ជា​ចំណុចកំពូល​មួយ​នៃ​ការ​ឲ្យ​តម្លៃ​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​នយោបាយ​ការ​បរទេស​អាមេរិក។ ប៉ុន្តែ​បន្ទាប់​ពី​នោះ​មកទស្សនកិច្ច​ការ​ទូតថ្នាក់​កំពូល​ទៅ​កាន់​តំបន់​នេះ​ កម្រិត​នេះ​បាន​ធ្លាក់​ចុះ។

ហើយ​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ State of the Union Address កាល​ពីចុង​ខែ​មករា លោក​ប្រធានាធិបតី​អូបាម៉ា បាន​និយាយ​យោង​តិចតួច​ចំពោះ​ទ្វីប​អាស៊ី ដែល​ធ្វើ​ឲ្យ​អ្នក​វិភាគ​ខ្លះ​បារម្ភ​ថា ​សហរដ្ឋ​អាមេរិក​មិន​អាច​បន្ត​គោល​នយោបាយ​«ងាក​ទៅ​រក​អាស៊ី» ឬ Pivot to Asia។

នៅ​ក្នុង​ពេល​មួយ​ចំនួន​ដែល​លោក​និយាយ​យោង​ទៅ​ទ្វីប​អាស៊ី លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​បន្ត​ផ្តោត​ទៅ​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នៅ​ទី​នោះ​យើង​គាំទ្រ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​យើង ​កសាង​អនាគត​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សន្តិសុខ​និង​វិបុលភាព​ប្រសើរ​ជាង​មុខ ហើយនិងហុច​ដៃ​ជួយដល់​ប្រទេសដែល​ត្រូវ​ខ្ទេច​ខ្ទាំ​ដោយ​គ្រោះមហន្តរាយ ដូច​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។»

ការ​និយាយ​អំពី​ទ្វីប​អាស៊ី​នេះ​មាន​តិចពេក នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Ernie Bower ទីប្រឹក្សា​ជាន់​ខ្ពស់​និង​ជា​ប្រធាន​ខាង​ការ​សិក្សា​អំពី​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ CSIS នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ថ្លែង​ប្រាប់​ VOA ថា៖ «លោក​ប្រធានាធិបតី​ខកខាន​មិន​បាន​ពន្យល់​ដល់​ពលរដ្ឋ​អាមេរិក​អំពី​សារៈសំខាន់​របស់​ទ្វីប​អាស៊ី​ចំពោះយើង​ចំពោះ​ការ​រីកចម្រើន​របស់​សេដ្ឋកិច្ច​អាមេរិក​ ចំពោះ​ការងារ​របស់​យើង ចំពោះ​សមត្ថភាព​របស់​យើងក្នុង​ការ​ច្នៃប្រឌិត​និង​ដើម្បី​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ពិភពលោក និង​រហូត​ដល់​បញ្ហា​សន្តិសុខ​ទៀត។»

ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​អូបាម៉ា​ចូល​កាន់​តំណែង​កាល​ពី​ខែ​មករា​ឆ្នាំ​២០០៩ លោក​បាន​ចាប់​ផ្តើម​គោលនយោបាយ «ងាក​ទៅ​រក​អាស៊ី» ឬ Pivot ដែល​ជា​ទូទៅ​ត្រូវ​គេ​យល់​ថា​ ជានយោបាយ​យុទ្ធសាស្ត្រ​ផ្តោត​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​កើន​ឡើង​របស់​ប្រទេស​ចិន​នៅ​តំបន់​នោះ។

ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នយ៍​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន ក៏​មាន​រួម​បញ្ចូល​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​ប្រទេស​ភូមា​និង​កម្ពុជា​ផង​ដែរ។ ទស្សនកិច្ច​នេះ​ជា​លើក​ដំបូង​បំផុត​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ធ្វើ​ទស្សនកិច្ច​តែ​នៅ​អាស៊ី​អាគ្នេយ៍​ប៉ុណ្ណោះ។

ប៉ុន្តែ​លោក​ប្រធានាធិបតីត្រូវ​បង្ខំ​លុបចោល​ទស្សនកិច្ច​ទៅ​អាស៊ី​អាគ្នេយ៍​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ដោយសារ​មាន​បញ្ហា​ការ​បិទ​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្នុង​ខណៈ​ដើម​ឆ្នាំ​នេះ​ដែរ​ ប្រទេស​ភូមាចាប់​ផ្តើម​ធ្វើ​ជា​ប្រធាន​របស់​សមាគម​អាស៊ាន​ជា​លើក​ដំបូង​បំផុត ក្នុង​ពេល​ដែល​ប្រទេស​ថៃជាប់​ព្រំដែន​នោះ កំពុង​ជួប​វិបត្តិ​នយោបាយ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ការ​បោះឆ្នោត​ផ្លាស់​ប្តូរ​មេដឹកនាំ ហើយ​ប្រទេស​កម្ពុជា​កំពុងមាន​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។ ព្រម​ពេល​នេះ​ដែរ​ប្រទេស​ចិន​ត្រូវ​គេ​រាយការណ៍​មក​ថា​កំពុង​ពិចារណា​ពង្រីក​តំបន់​ដែន​អាកាស​ការពារ​ជាតិ​របស់​ខ្លួន​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​មាន​ជម្លោះ​ថែម​ទៀត។

លោក Bower ថ្លែង​ថា ការ​លុប​ចោល​ទស្សនកិច្ច​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ព្រម​ទាំងការ​បន្ថយ​វោហាសាសន៍​របស់​លោក​ប្រធានាធិបតី​អំពីទ្វីប​អាស៊ី មិន​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេសអាស៊ី​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​មាន​ភាព​កក់ក្តៅ​ទេ។

«ខ្ញុំ​មាន​ការ​បារម្ភ​ថា​ ប្រសិន​បើ​យើង (សហរដ្ឋ​អាមេរិក) មិន​បន្ត​បង្ហាញសកម្មភាព​ទំនាន់ទំនងថ្នាក់​ខ្ពស់​ដូច្នេះទេ យើង​នឹងបាត់បង់​ការ​មាន​ប្រៀប​ក្នុង​ការ​ប្រកួត​ប្រជែង​(ក្នុង​តំបន់​អាស៊ី)។ យើង​នឹង​បាត់បង់​អំណាច​ការទូត ហើយ​រឿង​នេះ​នឹង​ធ្វើ​ឲ្យ​ខាត​បង់​ដល់ផលប្រយោជន៍​អាមេរិក​ទៅ​អនាគត។»

លោក Aaron Connelly អ្នក​វិភាគ​ឲ្យ​ក្រុមហ៊ុន Albright Stonebridge Group នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា ក្នុង​ទស្សនកិច្ច​ញឹកញាប់ទៅ​អាស៊ី​អាគ្នេយ៍​កន្លង​មក លោក​ប្រធានាធិតបីអូបាម៉ា ទំនង​បាន​បង្កើន​សេចក្តី​រំពឹង​ខ្លាំង​ពេក​ពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ខណៈ​ដែល​ក្រោយ​មក​លោក​ត្រូវ​ជាប់​រវល់​ខ្លាំង​នឹង​នយោបាយ​ក្នុង​ស្រុក​របស់​អាមេរិក​ទៅ​វិញ។ ប៉ុន្តែ​លោក ​Connelly ថ្លែង​ប្រាប់​ VOA ​ថា​ បើ​ទោះ​ជា​មេដឹកនាំ​អាមេរិក​មិន​មាន​វត្តមាន​ច្រើន​ដូច​មុន ក៏​សកម្មភាព​ទំនាក់ទំនង​របស់​អាមេរិក​នៅ​តំបន់​នេះ​តាម​ពិត​ទៅ​មាន​ការ​កើន​ឡើង​ក្នុង​កម្រិត​ថ្នាក់​ក្រោម ដូច​ជា​ទំនាក់ទំនង​ថ្នាក់​ស្ថាប័ន​ជាតិ​និង​ថ្នាក់​មូលដ្ឋាន។

លោក Aaron Connelly ថ្លែង​ថា៖ «អ្វី​ដែល​ខុស​ប្លែក​នៅ​ពេល​នេះ គឺ​យើង​ឃើញ​មាន​ការ​ផ្តោត​សកម្មភាព​ទំនាក់ទំនង​ជាមួយ​អាស៊ី​អាគ្នេយ៍​ទូលំទូលាយ​ជាង​មុន​និងជ្រាលជ្រៅ​ជាង​មុន ក្នុង​ពេល​តែ​មួយ។ ហើយ​រឿង​នេះ​គឺ​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក​ទេ។»

ថ្លែង​នៅ​ឯ​ក្លឹប​អ្នក​កាសែត​ជាតិ​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន លោក Daniel Russel ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ទទួល​បន្ទុក​កិច្ចការអាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ ថ្លែង​ថា សហរដ្ឋ​អាមេរិក​ប្តេជ្ញា​បន្ត​វត្តមាន​សកម្ម​នៅ​តំបន់​អាស៊ី​ ដោយ​មិន​ផ្តោត​តែ​លើ​ផលប្រយោជន៍​សន្តិសុខ​ប៉ុណ្ណោះ​ទេ។

លោក​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «តាម​ការ​ជឿជាក់​របស់​ខ្ញុំ និង​តាម​បទពិសោធន៍​របស់​ខ្ញុំ គឺ​ថា យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច Rebalance ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​មករា​ឆ្នាំ​២០០៩​មក មាន​លក្ខណៈ​ទូលំទូលាយ​និង​ជ្រាលជ្រៅ​ ហើយ​រួម​បញ្ចូល​មិន​ត្រឹម​តែ​កិច្ចការ​សន្តិសុខ​តំបន់​បុណ្ណោះ​ទេ តែ​ដូច​ដែល​ខ្ញុំ​បាន​លើកឡើង​ហើយ គឺ​ក៏​ផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចនិង​ទំនាក់ទំនង​រវាង​ពលរដ្ឋ​ផង​ដែរ។»

ទំនាក់​ទំនង​ពលរដ្ឋ​នេះ​រួម​មាន​ឧទាហរណ៍​ថ្មី​មួយ គឺ​កម្មវិធី​គំនិត​ផ្តួចផ្តើម​មេដឹកនាំ​ជា​យុវជនរបស់​អាស៊ី​អាគ្នេយ៍​ ដែល​ប្រជាជនប្រមាណ​៦៥​ភាគរយ​នៃ​តំបន់​នេះ​មាន​អាយុ​ក្រោម៣៥​ឆ្នាំ។

កម្មវិធី​ដែល​មាន​លក្ខណៈ​បែប​នេះ​ទំនង​ទទួល​ការ​ស្វាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ បើ​តាមលោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA នៅ​ក្រោយ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិតបតី​សហរដ្ឋ​អាមេរិក លោក​ អ៊ូ វីរៈ បាន​សម្តែង​ការ​បារម្ភ​ថា ​ប្រសិន​បើ​អាមេរិក​មិន​ផ្តោត​ខ្លាំង​លើ​អាស៊ីអាគ្នេយ៍​នៅ​ពេល​នេះ អាមេរិក​អាច​ខកខាន​ឱកាស​ទទួល​ផលប្រយោជន៍​ពេញ​លេញ​ពី​ការ​ប្រែប្រួល​ប្រជាសាស្ត្រ​នៅ​ក្នុង​តំបន់​នេះ ដោយ​រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ ដែល​លោក​ថា កំពុង​មាន​ឱកាស​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ធ្វើ​អន្តរកាល​ទៅ​រក​របប​ប្រជាធិបតេយ្យ​ជា​គំរូ​មួយ​សម្រាប់​តំបន់​ទាំង​មូល។

លោក អ៊ូ វីរៈ ពន្យល់​ថា៖ «ព្រោះ​នៅ​ក្នុង​តំបន់​ទាំង​មូល​ មាន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​កំពុង​តែ​នៅ​ក្នុង​គេ​ហៅ​ផ្លូវ​បំបែក​ធំ​មែន​ទែន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​កំពុង​តែ​មាន​ឱកាស​ដ៏​ធំ​មួយ​ដើម្បី​ពង្រឹង​នូវ​របប​ប្រជាធិបតេយ្យ។ អញ្ចឹង​សហរដ្ឋ​អាមេរិក​គួរ​តែ​យក​ចិត្ត​ទុក្ខ​ដាក់​មែនទែន​ជាមួយ​ប្រទេស។»

លោក អូ វីរៈ បារម្ភ​ថា​ ឥទ្ធិពលកើន​ឡើង​កាន់​តែ​ខ្លាំង​របស់​ប្រទេស​ចិននឹងអាច​នាំ​ឲ្យ​មាននិន្នាការ​ទៅ​រក​របប​ផ្តាច់ការ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

ដូច្នេះ​លោក​សង្ឃឹម​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ចាប់​អារម្មណ៍​ចំពោះ​សក្តានុពល​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា។

អ្នក​វិភាគ Aaron Connelly និយាយ​ដោយ​សុទិដ្ឋិនិយម​ថា នៅ​ក្រោយ​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​ប្រធានាធិបតី​អាមេរិក​មិន​បាន​ធ្វើ​ដំណើរ​ទៅ​អាស៊ី នៅ​ក្នុង​ឆ្នាំ​នេះ លោក អូបាម៉ា ទំនង​នឹង​មិន​ខកខាន​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ភូមា​នៅ​ចុង​ឆ្នាំ​នេះ​ទេ។

សេតវិមាន​បាន​បញ្ជាក់​រួច​ហើយថា​នឹង​មាន​ទស្សនកិច្ចប្រធានាធិបតី​ទៅ​អាស៊ី​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​ឆ្នាំ​នេះ ដែល​នឹងកើត​ឡើង​នៅ​ខែ​មេសា​ខាង​មុខ៕