លោកបារ៉ាក់អូបាម៉ា (Barack Obama) ប្រធានាធិបតីស.រ.អា.មិនគិតថា អាចនឹងមានការវាយប្រហាររបស់ស.រ.អា.តាមអាកាសប្រឆាំងនឹងពួកឥស្លាមជ្រុលនិយមក្នុងប្រទេសស៊ីរីទេ ខណៈដែលពួកបះបោរបញ្ចេញវីដេអូថ្មីមួយដែលបង្ហាញរូបភាពកាត់ក្បាលមនុស្សម្នាក់ទៀត។
ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នៅសេតវិមាន លោក អូបាម៉ានិយាយថា ស.រ.អា.នៅកំពុងធ្វើផែនការដើម្បីដោះស្រាយបញ្ហាជាមួយក្រុមរដ្ឋឥស្លាមនៅឡើយ។
យ៉ាងណាមិញលោកប្រធានាធិបតីបញ្ជាក់ថា ស.រ.អា.នឹងបន្តធ្វើការវាយប្រហារលើគោលដៅខ្លះរបស់ពួករដ្ឋឥស្លាមនៅប្រទេសអ៊ីរ៉ាក់ ដែលលោកនិយាយថា បានធ្វើឲ្យពួកសកម្មប្រយុទ្ធរងការខូចខាត។ ប៉ុន្តែលោកមានប្រសាសន៍ថា ការដែលបណ្ដាញព័ត៌មានរាយការណ៍ថាអាមេរិកអាចនឹងពង្រីកការវាយប្រហារទៅដល់ប្រទេសស៊ីរីនោះគ្រាន់តែការកាក់ស្មានតែប៉ុណ្ណោះ។ លោកប្រធានាធិបតីនិយាយថាកម្លាំងអាមេរិកតែឯង មិនអាចដោះស្រាយបញ្ហានេះបានទេដោយលោកលើកឡើងថា តំបន់ទាំងមូលត្រូវធ្វើការរួមគ្នា៕