លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អនុញ្ញាតិឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីកាលពីថ្ងៃពុធលើអ្នកវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតជាចំណាត់ការមួយដែលមានគោលបំណងសំខាន់ដាក់ទណ្ឌកម្មដល់បុគ្គលបរទេសនិងក្រុមហ៊ុនដែលកាន់កាប់ដោយរដ្ឋដែលបានវាយប្រហារក្រុមហ៊ុនពាណិជ្ជកម្មនិងអ្នកប្រើប្រាស់ទំនិញសំខាន់ៗរបស់អាមេរិក។
លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍នៅពេលដែលលោកបានចុះហត្ថលេខាលើបញ្ជារបស់ប្រធានាធិបតីដែលអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មហើយនិយាយថា ការគំរាមកំហែងប្រព័ន្ធអ៊ិនធឺណិតបានបណ្តាលឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនិងសន្តិសុខជាតិសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីមិនបានផ្តល់សេចក្តីលម្អិតអំពីទណ្ឌកម្មអ្វីដែលនឹងត្រូវដាក់នោះទេ។
បញ្ជារបស់ប្រធានាធិបតីអូបាម៉ាបានប្រាប់ឲ្យដឹងថា ការដាក់ទណ្ឌកម្មសំដៅលើក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតដែលមានភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ប្រព័ន្ធកុំព្យូទ័រសហរដ្ឋអាមេរិក ដូចជាប្រព័ន្ធកុំព្យូទ័រនៅធនាគារ ក្រុមហ៊ុនពាណិជ្ជកម្មសំខាន់ៗនិងរោងចក្រថាមពលអគ្គីសនី ឬការលួចឯកសារសម្ងាត់ពាណិជ្ជកម្មនិងព័ត៌មានរបស់អ្នកប្រើប្រាស់ទំនិញ។
ក្នុងប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនពាណិជ្ជកម្មសហរដ្ឋអាមេរិកបានទទួលរងការ វាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតរួមមានការចូលលួចលេខកាតក្រេឌីត (Credit Cards) របស់អតិថិជនរាប់លាននាក់នៅក្រុមហ៊ុនធានារ៉ាប់រងសុខភាពសំខាន់ៗ ហាងលក់គ្រឿងកុំព្យូទ័រហើយនិងហាងលក់សម្លៀកបំពាក់។
នៅក្នុងការផ្សាយតាមប្រព័ន្ធអ៊ិនធឺណិតដែលបានចេញផ្សាយដោយសេតវិមាន លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា ក្រុមអ្នកលួចចូលវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតរបស់អ៊ីរ៉ង់បានវាយប្រហារធនាគារសហរដ្ឋអាមេរិក ហើយការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតមួយដែលធ្វើឡើងដោយកូរ៉េខាងជើងបានវាយប្រហារលើក្រុមហ៊ុន Sony Pictures ដែលបានបំផ្លាញទិន្នន័យហើយនិងឲ្យជាប់គាំងម៉ាស៊ីនកុំព្យូទ័ររាប់ពាន់គ្រឿង៕