លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាបានមានប្រសាសន៍ថា ការវាយប្រហារក្នុងក្រុងប៉ារីសជា «ដំណើរថយក្រោយដ៏អាក្រក់និងធ្វើឱ្យពិបាកចិត្ត» មួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ក៏ប៉ុន្តែលោកបានគូសបញ្ជាក់ថាវាជាកំហុសមួយក្នុងការបញ្ចូនក្រុមទាហានជើងគោកអាមេរិកទៅកាន់ភូមិភាគមជ្ឈិមបូព៌ាដើម្បីប្រយុទ្ធនឹងក្រុមជនសកម្មប្រយុទ្ធទាំងនេះ។
ថ្លែងនៅទីបញ្ចប់នៃសន្និសីទកំពូលក្រុមប្រទេស G-20 នៅក្នុងប្រទេសតួកគី លោកអូបាម៉ាបានការពារការវាយប្រហារតាមអាកាសដោយក្រុមយោធាស.រ.អា.នៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ដើម្បីគាំទ្រក្រុមយុទ្ធជននៅក្នុងតំបន់នៅលើដីដែលប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ដែលលោកបាននិយាយយោងថាជា «មុខមាត់នៃបិសាច»។
លោកអូបាម៉ាបានមានប្រសាសន៍ថាស.រ.អា.អាចបញ្ជូនជាសម្មតិកម្មនូវទាហានជើងគោក៥ម៉ឺននាក់ទៅកាន់ប្រទេសស៊ីរីដើម្បីប្រយុទ្ធប្រឆាំងនឹងពួកបះបោររដ្ឋឥស្លាម។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថាយុទ្ធសាស្ត្រនេះមិនបានការទេបើគ្មានវត្តមាននៃការកាន់កាប់ដោយស.រ.អា.ជាអចិន្ត្រៃយ៍នៅក្នុងប្រទេសស៊ីរីទេនោះ ទោះបីជាមានការគំរាមកំហែងឯទៀតៗដោយក្រុមភេរវជនលេចឡើងនៅកន្លែងឯទៀតៗនៅក្នុងភូមិភាគមជ្ឈិមបូព៌ាឬក្នុងទ្វីបអាស៊ីអាគ្នេយ៍ក៏ដោយ។
លោកប្រធានាធិបតីបានជំទាស់នឹងការប្រើប្រាស់ទាហានជើងគោកកាលពីពេលមុន ក៏ប៉ុន្តែលោកបានច្រានចោលការអំពាវនាវថ្មីៗដោយក្រុមបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ ដែលឱ្យបញ្ជូនទាហានអាមេរិកឱ្យទៅប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាម នៅក្រោយការវាយប្រហារភេរវកម្មដ៏ប្រល័យនៅក្នុងក្រុងប៉ារីសកាលពីថ្ងៃសុក្រមុននេះ៕