មន្ត្រីបារាំងនិយាយថាខ្លួនបានកំណត់អត្តសញ្ញាណមេក្លោងនៅពីក្រោយការវាយប្រហារភេរវកម្មក្នុងទីក្រុងប៉ារីសថា ជាជនជាតិបែលហ្ស៊ិកដែលមានឈ្មោះថា Abdelhamid Abaaoud ។ គេរាយការណ៍ថា Abaaoud កំពុងស្ថិតនៅក្នុងប្រទេសស៊ីរី។
អាជ្ញាធរបែលហ្ស៊ិកបានស្វែងរកចាប់ខ្លួន Abaaoud កាលពីដើមឆ្នាំនេះ បន្ទាប់ពីមានផែនការវាយប្រហារលើប៉ូលីសមិនបានសម្រេចមួយ។ បណ្តាញសារព័ត៌មានបែលហ្ស៊ិក បានពណ៌នា Abaaoud ថាមានដើមកំណើតម៉ារ៉ុក ហើយសង្ស័យថាបានដឹកនាំក្រុមឥស្លាមជ្រុលនិយមនៅទីក្រុង Verviers ភាគខាងកើត។
ប៉ូលីសបារាំងបានចូលឆ្មក់ឆែកឆេរកន្លែងជនសង្ស័យឥស្លាមជាង១៥០កន្លែងនៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីបារាំង Manuel Valls នៅថ្ងៃច័ន្ទនេះ។
ការចូលឆែកឆេរបានធ្វើឡើងនៅថ្ងៃច័ន្ទនេះនៅទីក្រុង Toulouse, Grenoble, Jeumont, Lyon និងតំបន់ Bobigny ដែលនៅជាយទីក្រុងប៉ារីស ហើយបានចាប់ឃាត់ខ្លួនមនុស្សជាង១០នាក់ និងរឹបអូសបានអាវុធមួយចំនួន ក្នុងនោះមានកាំភ្លើងបាញ់គ្រាប់រ៉ុក្កែត កាំភ្លើងស្វ័យប្រវត្តិ និងអាវក្រោះការពារគ្រាប់។
លោក Valls និយាយថាប្រទេសបារាំងបានបញ្ចៀសការវាយប្រហារជាច្រើន ប៉ុន្តែអាចនឹងមានទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ឬប៉ុន្មានសប្តាហ៍ខាងមុខ។
លោកនាយករដ្ឋមន្ត្រីបាននិយាយថាលោកមិនព្យាយាមបន្លាចពលរដ្ឋទេ ប៉ុន្តែនេះជា«ស្ថានភាពដែលយើងនឹងរស់នៅជាមួយហើយនឹងមានរយៈពេលយូរ ដែលត្រូវប្រឈមមុខនឹងការគំរាមកំហែងភេរវកម្មនេះ ហើយយើងត្រូវតែត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារបន្ថែមទៀត។»