លោក​អូបាម៉ា​បាន​សរសើរ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្រ្ត​ជា​មួយ​អ៊ីរ៉ង់

លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​សរសើរ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជា​គ្រោង​មួយ​ជា​មួយ​នឹង​ប្រទេស​អ៊ីរ៉ង់​ ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ។​

លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​សរសើរ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជា​គ្រោង​មួយ​ជា​មួយ​នឹង​ប្រទេស​អ៊ីរ៉ង់​ ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ។​ លោក​បន្ថែម​ថា​ បើ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​មាន​សុវត្ថិភាព​ជាង​មុន​ និង​កាត់​ផ្លូវ​ប្រទេស​អ៊ីរ៉ង់​ឆ្ពោះ​ទៅ​រក​គ្រាប់​បែក​នុយក្លេអ៊ែរ​មួយ។​

កិច្ច​ព្រមព្រៀង​នោះ​បាន​សម្រេច​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រវាង​ប្រទេស​ អ៊ីរ៉ង់​ និង​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៦​ នៅ​ក្រោយ​កិច្ច​ចរចា​គ្នា​យ៉ាង​មមាញឹក​ក្នុង​រយៈ​ពេល​ ៨​ ថ្ងៃ​ នៅ​ទីក្រុង​ Lausanne​ ប្រទេស​ ស្វីស​ ហើយ​បាន​បើក​វេទិកា​សម្រាប់​កិច្ច​ព្រម​ព្រៀង​ផ្តាច់​ព្រ័ត្រ​មួយ​ ដែល​នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា។​

ថ្លែង​នៅ​សេតវិមាន​ លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​អះអាង​ថា​កិច្ច​ព្រមព្រៀង​នេះ​«ជា​កិច្ច​ព្រមព្រៀង​ល្អ​មួយ​ដែល​បាន​បំពេញ​តាម​គោល​បំណង​របស់​យើង​ទាំង​អស់‍​»។​

លោក​ថ្លែង​ថា​ «កិច្ច​ព្រមព្រៀង​ជា​គ្រោង​នេះ​នឹង​កាត់​ផ្តាច់​មាគ៌ា​ទាំង​អស់​ ដែល​អ៊ីរ៉ង់​អាច​ដើរ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​មួយ។​ អ៊ីរ៉ង់​នឹង​ប្រឈម​លក្ខខ័ណ្ឌ​ដ៏​តឹង​រ៉ឹង​លើ​កម្មវិធី​របស់​ខ្លួន​ ហើយ​អ៊ីរ៉ង់​ក៏​បាន​យល់​ព្រម​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​បំផុត​ និង​មាន​តម្លាភាព​ ដែល​រដ្ឋាភិបាល​ក្រុង​ តេរ៉ង់​ (Tehran)​ មិន​ដែល​បាន​ចរចា​អំពី​កម្មវិធី​ នុយក្លេអ៊ែរ​ណា​មួយ​ទេ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន»។​

កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បាន​ទទួល​ការ​សរសើរ​នៅ​ក្រុង​ Tehran​ ដែរ​ ដែល​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ចេញ​ទៅ​តាម​ផ្លូវ​ ចុច​ស៊ីផ្លេ​ឡាន​របស់​ខ្លួន​ និង​លើក​ទង់​ជ័យ​ដោយ​សង្ឃឹម​ថា​ ការ​ផ្តាច់​ប្រទេស​របស់​ពួក​គេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​អន្តរជាតិ​ នឹង​ចប់​នៅ​ពេល​ឆាប់ៗ​នេះ។​

នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ ប្រទេស​អ៊ីរ៉ង់​នឹង​ទទួល​បាន​ការ​បន្ធូរ​ទណ្ឌកម្ម​អន្តរជាតិ​ ដើម្បី​ប្តូរ​នឹង​ការ​កាត់​បន្ថយ​កម្មវិធី​ចម្រាញ់​ធាតុ​ អ៊ុយរ៉ានីញោម​ (uranium)​ ដែល​បស្ចឹម​ប្រទេស​មាន​ការ​ភ័យ​ខ្លាច​ជា​យូរ​មក​ហើយ​ ថា​អាច​យក​ទៅ​ប្រើ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​មួយ៕