បន្ទាប់ពីការវាយប្រហារដែលអះអាងដោយក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងទីក្រុងប៉ារីស ក្រុងបេរូត (Beirut) និងទីក្រុងទុយនីស (Tunis)លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងធ្វើការបញ្ជាក់ប្រាប់ពលរដ្ឋអាមេរិកាំងពីការគំរាមកំហែងភេរវកម្មក្នុងពិធីបុណ្យថ្លែងអំណរគុណ (Thanksgiving) នៅចុងសប្តាហ៍នេះ។
លោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ថា៖ «ឥឡូវនេះ យើងដឹងថា គ្មានការស៊ើបការណ៍សម្ងាត់ជាក់លាក់និងគួរឲ្យទុកចិត្តបានអំពីផែនការនៃការវាយប្រហារលើមាតុភូមិទេ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានរយៈពេល៦នាទីទៅកាន់សាធារណជនអាមេរិកាំង លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃពុធថា មន្រ្តីប្រឆាំងភេរវកម្ម មន្រ្តីយោធា និងក្រុមស៊ើបការណ៍សម្ងាត់ កំពុងបន្តឃ្លាំមើលការគំរាមកំហែងនៅក្នុងសហរដ្ឋអាមេរិកនិងនៅឯបរទេស។
លោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ទៀតថា៖ «ក្នុងករណីមានការគំរាមកំហែងជាក់លាក់ និងអាចគួរឲ្យទុកចិត្តបាន សាធារណៈជននឹងត្រូវបានផ្តល់ដំណឹង។យើងគិតថា វាជាការសំខាន់សម្រាប់ពលរដ្ឋនៅពេលដែលពួកគេធ្វើកិច្ចការរបស់ខ្លួនប្រកបដោយការប្រុងប្រយ័តនោះ»។
លោកប្រធានាធិបតី អូបាម៉ា បានថ្លែងដូច្នេះ បន្ទាប់ពីជំនួបជាមួយក្រុមសន្តិសុខជាតិរបស់លោកស្តីពីសន្តិសុខរបស់អាមេរិក ដែលជំនួបនេះធ្វើឡើងជិត២សប្តាហ៍បន្ទាប់ពីការវាយប្រហារនៅក្នុងទីក្រុងប៉ារីសដែលបានសម្លាប់មនុស្ស១៣០នាក់៕