អូបាម៉ា៖ គ្មាន​យុទ្ធសាស្ត្រ​ពេញលេញ​សម្រាប់​ការ​វាយប្រហារ​លើ​ពួក​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​អ៊ីរ៉ាក់

ប្រធានាធិតី​បារ៉ាក់អូបាម៉ា ក្នុងសន្និសីទ​សារព័ត៌មាន​នៅ​ឯការ​បិទបញ្ចប់​ជំនួបកំពូល G7 ក្នុង​ប្រទេស​អាល្លឺម៉ង់​ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។

លោក​ប្រធានា​ធិបតី​បារ៉ាក់អូបាម៉ា​បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​ចន្ទ​ថា ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ «ខ្វះ​យុទ្ធសាស្ត្រ​ពេញ​លេញ»​មួយដោយ​លោក​បាន​បន្ទោស​អំពី​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ជា​ការ​ជ្រើស​រើស​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​មិន​បាន​គ្រប់គ្រាន់​ដែល​នាំ​ឱ្យ​មាន​ការ​មិន​ស៊ី​សង្វាក់​គ្នា​រវាង​អ្វី​ដែល​បណ្តា​ប្រទេស​ខាង​ក្រៅ​ចង់​ជួយ​និង​អ្វី​ដែល​អាជ្ញា​ធរ​អ៊ីរ៉ាក់​អាចអនុវត្ត។

កិច្ច​ចរចា​គ្នា​រវាង​លោក​ប្រធានាធិបតី​អូបាម៉ានិង​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​សប្តាហ៍​ក្រោយ​ពី​លោក Abadi ​បាន​អំពាវនាវ​ឱ្យ​មាន​ជំនួយ​ថែម​ទៀត​ពី​បណ្តា​សមាជិក​នៃ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ជិត​មួយ​ឆ្នាំ​មក​ហើយ​ដើម្បី​ជួយ​ក្រុម​យោធា​រដ្ឋាភិបាល​ អ៊ីរ៉ាក់។

ក្រុម​មន្ត្រី​ស.រ.អា.​និង​បារាំង​បាន​ផ្តល់​ឱ្យ​ប្រទេស​អ៊ីរ៉ាក់​នូវ​ការ​បោះឆ្នោត​ទុក​ចិត្ត​មួយ​នៅ​ក្រោយ​កិច្ចចរចា​ទាំង​នោះ​ ដោយ​បាន​និយាយ​ថា​ មាន​ការចំណេញ​ខាង​ដែនដី​ពិត​ប្រាកដ​ហើយ​ ក៏​ប៉ុន្តែ​បាន​និយាយ​ដែរ​ថា​ គេ​ត្រូវការ​គ្រឿង​ឧបករណ៍​និង​ការ​ហ្វឹកហ្វឺន​ច្រើន​ថែមទៀត​ដើម្បី​បន្ថែម​កម្លាំងវាយ​លុក​ដោយ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​សម្រាប់​វាយ​យក​មក​វិញ​នូវ​ដែនដី​ដែល​ពួកជន​សកម្មប្រយុទ្ធ​បាន​វាយ​យក​បាន​ពី​ពេលមុន។​

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា ​លោក​ក៏​បាន​ពិភាក្សា​ជាមួយ​លោក Abadi ដែរ​ អំពី​ការ​ជ្រើសរើស​ទាហាន​ឱ្យ​បានច្រើន​ជាង​មុន​ចេញ​ពី​ពួក​កុលសម្ព័ន្ធ​ សុន្នី​ ជា​ពិសេស​នៅ​ក្នុង​ខេត្ត ​Anbar ​ដែល​នៅ​ទី​នោះ​ពួក​រដ្ឋអ៊ីស្លាម​បាន​វាយ​យក​បាន​ទីរួមខេត្ត​ Ramadi នៃ​ខេត្ត​ Anbar ​កាលពីខែ​ឧសភា៕