អូបាម៉ា៖ គ្មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា​ការ​សម្លាប់​រង្គាល​នៅ​Orlando​ត្រូវ​បាន​បញ្ជា​ពី​ក្រៅ​ប្រទេស

លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ា​ កាល​ពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៦​នេះ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​អំពី​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ​ Florida ដែល​​បាន​បណ្តាល​ឲ្យ​មនុស្ស​៥០​ស្លាប់​ និង​៥៣​នាក់​ទៀត​រង​របួស។

កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ គ្មាន​ភ័ស្តុតាង​ច្បាស់លាស់​ថា ​អ្នក​បាញ់កាំ​ភ្លើង​ដែល​បាន​សម្លាប់​រង្គាល​នៅ​ក្នុង​ក្លឹប​រាត្រី​មួយ​ បាន​ទទួល​ការ​ណែនាំ​ពី​ក្រុមភេរវជន​ណាមួយ​នៅ​ក្រៅ​ប្រទេស​ទេ។ ការ​សម្លាប់​នោះ​គឺ​ជា​ការ​សម្លាប់​រង្គាល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អាមេរិកទៅលើពួក​មនុស្ស​ស្រឡាញ់​មនុស្ស​មាន​ភេទ​ដូចគ្នា​ក្នុង​ក្រុង ​Orlando​ រដ្ឋ​ Florida។

លោក អូបាម៉ា​ បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ឯ​សេតវិមាន​ថា​ វា​ហាក់​ដូចជា​អ្នកបាញ់​កាំភ្លើង​នេះ​បាន​ទទួល​ព័ត៌មាន​បែប​ជ្រុល​និយម​ដែល​បាន​ត្រូវផ្សព្វ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ ជន​ជាប់​សង្ស័យ​ជា​អ្នកបាញ់កាំ​ភ្លើង​ឈ្មោះ ​Omar ​Saddiqui ​Mateen ​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​កាន់សាសនា​ឥស្លាម​ អាយុ​២៩​ឆ្នាំ​ហើយ​មាន​ឪពុក​ម្តាយ​ជន​ជាតិ​អហ្វហ្គានីស្ថាន​នោះ​ «តំណាង​ឲ្យ​ភាព​ជ្រុល​និយម​មួយ​បែប​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​យើង​មាន​ការ​ខ្វល់​ខ្វាយយូរ​មក​ហើយ»។ ក៏​ប៉ុន្តែ​លោក អូបាម៉ា​ បាន​បន្ត​ថា​ វា​ហាក់​ដូច​ជា​ថា​ នៅ​នាទី​ចុង​ក្រោយ​បង្អស់​គាត់​បាន​ប្រកាស​ភាព​ស្មោះត្រង់​ដល់​ពួក​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទទៅ​កាន់​លេខទូរស័ព្ទ​គ្រា​មាន​អាសន្ន​៩១១​ នៃ​ក្រុង Orlando។

លោក អូបាម៉ា​ បាន​ថ្លែង​ថា ​ពួក​មន្ត្រី​ផ្នែក​ពង្រឹងច្បាប់​កំពុង​ឋិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​របស់​ពួក​គេ​ ហើយ​ថា​នៅ​មាន​ការងារ​ទៀត​ដែល​យើង​ត្រូវ​ដឹង។

លោក ​James Comey ​ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​ FBI ​បាន​មាន​ប្រសាសន៍​ថា​ «យើង​កំពុង​ស៊ើបអង្កេត​អំពីជិវិត​ឃាតករនេះ»​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​របស់​គាត់​ផង​ដែរ៕