លោកប្រធានាធិបតីស.រ.អា Barack Obama និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានជួបគ្នានៅក្នុងរដ្ឋធានី Washington កាលពីថ្ងៃច័ន្ទ ដើម្បីខិតខំព្យាយាមស្វែងរកវិធីដោះស្រាយអ្វីដែលលោកមេដឹកនាំស.រ.អារូបនេះបានព៌ណនាថា ជាបរិស្ថានសន្តិសុខដែលកាន់តែដុនដាបនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា។
ជាញឹកញយ មេដឹកនាំទាំងពីរនាក់នេះមានការទាក់ទងគ្នាប្រកបដោយភាពកករល្អក់ ហើយជំនួបលើកនេះរបស់លោកទាំងពីរជាការជួបគ្នាដំបូងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ កិច្ចចរចាគ្នានេះនៅឯសេតវិមានបានកើតមានឡើង បន្ទាប់ពីមានការជំទាស់របស់លោក Netanyahu ដល់កិច្ចព្រមព្រៀងបរមាណូ Iran ដែលបានត្រូវធ្វើការចរចាកាលពីខែកក្កដាដោយស.រ.អា និងពួកប្រទេសមហាអំណាចពិភពលោកប្រាំទៀត ក៏ប៉ុន្តែលោកអូបាម៉ាបានហៅបញ្ហានេះថាជា «បញ្ហាតូចចង្អៀត» មួយនៃការខ្វែងគំនិតគ្នា។
មេដឹកនាំទាំងពីរនាក់នេះបានឱបក្រសោបយ៉ាងកក់ក្តៅសម្ព័ន្ធភាពខាងយោធានិងខាងសន្តិសុខ ដែលមានជាយូរយាមកហើយរវាងស.រ.អា និងអ៊ីស្រាអែល ដោយលោកអូបាម៉ាបានហៅ «សន្តិសុខនៃប្រទេសអ៊ីស្រាអែលថាជាគោលដៅមួយក្នុងបណ្តាគោលដៅជាន់ខ្ពស់នៃគោលនយោបាយការបរទេសរបស់ខ្ញុំ»។
លោកអូបាម៉ាបានមានប្រសាសន៍ថា លោក និងលោក Netanyahu ពិភាក្សាគ្នា«អំពីធ្វើបែបណាដើម្បីបង្អាក់សកម្មភាព» របស់ពួករដ្ឋឥស្លាម ពួក Hezbollah និងពួកបះបោរឯទៀតៗ ដែល«ធ្វើសកម្មភាពភេរវកម្ម»៕