លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា ថ្លែងថា ច្បាប់តម្រូវឲ្យរដ្ឋបាលរបស់លោក ផ្តល់ព័ត៌មានស្តីពីសន្តិសុខជាតិ ដែលមានរួមទាំងព័ត៌មានសម្ងាត់ ដែលមិនចេញផ្សាយជូនសាធារណជនផងនោះ ជូនបេក្ខជនប្រធានាធិបតីនៃគណបក្សធំៗ។
នេះមានន័យថារួមទាំងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton និងបេក្ខជនគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលលោកអូបាម៉ា បានហៅថាមិនសាកសមនឹងធ្វើជាប្រធានាធិបតីទេ។
ក្នុងអំឡុងពេលមួយឆ្នាំកន្លងទៅ ក្នុងយុទ្ធនាការរកសំឡេងឆ្នោត លោក Trump ត្រូវគេស្គាល់ថាជាអ្នកថ្លែងទៅកាន់សាធារណជនម្នាក់ ដែលតែងតែមិនរវល់អើពើ ចំពោះអត្ថបទសុន្ទរកថាដែលបានរៀបរៀងឡើងទុកជាមុន ហើយផ្ទុយទៅវិញ ធ្វើការកត់សម្គាល់ភ្លាមៗ ដែលជួនកាលត្រូវគេចាត់ទុកថាជាការនិយាយត្រង់ៗ ឬមួយជាការរិះគន់មន្ត្រីអាមេរិកាំងឯទៀត។ ការធ្វើបែបនេះបាននាំឲ្យមានការបារម្ភមិនដឹងថាតើលោក Trump នឹងធ្វើដូចម្តេចចំពោះព័ត៌មានដែលលោកបានទទួលពីព័ត៌មានសម្ងាត់ស្តីពីសន្តិសុខជាតិនោះ។
លោក អូបាម៉ា បានថ្លែងប្រាប់អ្នកកាសែតថា «បើពួកគេចង់ធ្វើប្រធានាធិបតី ពួកគេត្រូវតែចាប់ផ្តើមបង្ហាញលក្ខណៈជាប្រធានាធិបតី ហើយនេះមានន័យថាត្រូវតែចេះទទួលព័ត៌មានសម្ងាត់ ហើយមិនផ្សព្វផ្សាយជាសាធារណៈទេ៕