លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ាបានស្នើឈ្មោះតែងតាំងលោកឧត្តមសេនីយ៍ Joseph Dunford នៃក្រុមទាហានជើងទឹក ស.រ.អា.ឱ្យកាន់តំណែងជាប្រធាននាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា. ជំនួសលោកឧត្តមសេនីយ៍ Martin Dempsey នៃកងទ័ពជើងគោកជាទីប្រឹក្សាយោធាក្នុងឯកសណ្ឋានជាន់ខ្ពស់បំផុតរបស់ប្រទេសជាតិ។
នៅពេលឥឡូវនេះ លោក Dunford បម្រើការជាអគ្គមេបញ្ជាការនៃក្រុមទាហានជើងទឹក ដែលជាតំណែងដែលលោកបានកាន់ចាប់តាំងពីចុងឆ្នាំទៅមិញមក។
កាលពីពេលមុន លោក Dunford ដែលមានអាយុ៥៩ឆ្នាំបានបម្រើការជាអគ្គមេបញ្ជាការនៃកងកម្លាំងចម្រុះស.រ.អា.និងអន្តរជាតិនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន(Afghanistan) ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៤ដោយមើលការខុសត្រូវដល់ការដកកងកម្លាំងស.រ.អា. និងការប្រគល់កិច្ចប្រតិបត្តិការសន្តិសុខទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន។ លោកក៏បានដឹកនាំក្រុមអ្នកប្រយុទ្ធនៃក្រុមកងទ័ពជើងទឹកនៅក្នុងការលុកលុយដឹកនាំដោយស.រ.អា.ក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៣ដែលនាំឱ្យគេហៅលោកថា «Joe អ្នកប្រយុទ្ធ»។
លោក Dunford ដែលបានកើតនៅក្នុងក្រុង Boston បានកាន់តំណែងជានាយទាហានជើងទឹកក្នុងឆ្នាំ១៩៧៧។ លោកជានាយទាហានជើងទឹកទីពីរដែលបម្រើការជាប្រធាននាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា.នៅក្រោយលោកឧត្តមសេនីយ៍ចូលនិវត្តន៍ Peter Pace ដែលបានកាន់តំណែងនេះ ពីឆ្នាំ២០០៥ដល់ឆ្នាំ២០០៧៕