លោក​អូបាម៉ា​ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​អារ៉ាប៊ីសាអូឌីត​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

Adel al-Jubeir រដ្ឋ​មន្រ្តី​ការ​បរទេស​អារ៉ាប៊ីសាអូឌីត (រូប​ឆ្វេង) មក​ដល់​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​ជួប​ជាមួយ​លោក​ Adel al-Jubeir រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ឯ​សេតវិមាន​ នៅពេល​ដែល​ស.រ.អា.​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​សម្ព័ន្ធមិត្ត​ដែល​នៅ​មាន​ការ​សង្ស័យ​ជឿ​ទុក​ចិត្ត​លើ​កិច្ចព្រមព្រៀង​បរមាណូ​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

លោក Josh Earnest អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា​ ភាគី​ទាំង​ពីរ​បាន​និយាយ​គ្នា​អំពី​កិច្ច​ព្រមព្រៀង​បរមាណូ​កាល​ពី​ពេល​ថ្មីៗ​នេះ​ និង​ពិភាក្សា​គ្នា​ថា​តើ​គួរ​តែ​ធ្វើ​បែប​ណា​ដើម្បី​ពង្រឹង​ «ភាព​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ និង​មាន​រយៈពេល​យូរ» របស់​ពួកគេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ Jubeir ​បាន​បញ្ចេញ​ជា​ថ្មី​ទៀត​អំពី​កង្វល់​របស់​រដ្ឋាភិបាល​លោក​ដែល​ថា ​ប្រទេស​អ៊ីរ៉ង់​នឹង​ប្រើ​ប្រាក់​ដែល​បាន​មក​ពី​ការ​បន្ធូរ​បន្ថយ​ការ​ដាក់ទណ្ឌកម្ម​ដើម្បី​បន្ត​ផ្តល់​ប្រាក់​ឱ្យ​ដល់​ក្រុម​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​នានា​ដូច​ជា​ប្រទេសស៊ីរី​ យេម៉ែន និង​ប្រទេស​លីបង់​ជា​ដើម។​

លោក Jubeir បាន​និយាយ​នៅ​ក្រោយ​កិច្ចចរចា​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry ថា «យើង​សង្ឃឹម​ថា​អ៊ីរ៉ង់​នឹង​ប្រើប្រាស់​កិច្ចព្រមព្រៀង​នេះ​ដើម្បី​កែលម្អ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ និង​កែលម្អ​ជីវភាព​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ជាច្រើន​នាក់​ហើយ​មិន​ប្រើប្រាស់​កិច្ចព្រមព្រៀង​នេះ​សម្រាប់​ធ្វើ​ការ​ផ្សង​ព្រេង​នៅ​ក្នុង​តំបន់​ទេ។​ ប្រសិន​បើ​ប្រទេស​អ៊ីរ៉ង់​ព្យាយាម​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​ក្នុង​តំបន់​ យើង​ប្តេជ្ញា​ប្រឈម​មុន​នឹង​ប្រទេស​នេះ​ជា​ដាច់​ខាត»៕