លិខិត​របស់​អូបាម៉ា​ទៅ​សភា​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅ​សាកលវិទ្យាល័យ American University នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បន្ត​អំពាវនាវ​ដល់​សមាជិក​សភា​ស.រ.អា.​ឱ្យ​គាំទ្រកិច្ច​ព្រមព្រៀង​បរមាណូ​អ៊ីរ៉ង់​ដោយ​លោក​គូស​បញ្ជាក់​ថា​ ស.រ.អា.​នៅ​តែ​អាច​ចាត់​វិធានការ​ខាង​យោធា​ ឬ​ដាក់​បញ្ចូល​ការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ឡើង​វិញ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ (Tehran) ប្រសិន​បើ​រដ្ឋាភិបាល​នេះ​រំលោភ​លើ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ។​

លោក​អូបាម៉ា​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​មួយ​កាល​ពី​ថ្ងៃទី​១៩ ខែសីហា​ ផ្ញើ​ទៅ​ឱ្យ​អ្នក​តំណាង​រាស្ត្រ Jerrold Nadler ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ New York ថា «ប្រសិន​បើ​ប្រទេស​អ៊ីរ៉ង់​ស្វះស្វែង​ឱ្យ​មាន​អាវុធ​បរមាណូ​ មាន​ជម្រើស​ជា​ច្រើនដែល​ស.រ.អា.​អាច​ដាក់​លើ​ប្រទេស​នេះ​ឡើង​វិញ រួម​មាន​ទាំង​យន្តការ​ផ្នែក​យោធា​ ដែល​ស.រ.អា.​អាច​ប្រើប្រាស់​បាន​ក្នុង​កំឡុង​ពេល​នៃ​កិច្ច​ព្រមព្រៀង និង​នៅ​ពេល​បញ្ចប់​កិច្ច​ព្រមព្រៀង»។

លិខិត​នោះ​ក៏​ចែង​ដែរ​ថា ​ស.រ.អា.​ប្រុងប្រៀប​បង្កើន​ការ​ផ្តល់​ប្រាក់កាស​ដល់​កិច្ចការពារ​ប្រឆាំង​នឹង​កាំជ្រួចផ្លោង​របស់​ប្រទេស​អ៊ីស្រាអែល (Israel) ​ដែល​បាន​ជំទាស់​យ៉ាង​ខ្លាំង​ដល់​កិច្ចព្រមព្រៀង​បរមាណូ​រវាង​ប្រទេស​អ៊ីរ៉ង់​ និង​ពួក​ប្រទេស​មហាអំណាច។​

កាល​ពី​ថ្ងៃសុក្រ​ លោក Nadler បាន​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​បរមាណូនេះ​ដោយ​លោក​បាន​និយាយ​ថា​ ក្នុងឋានៈ​ជា​ «ជនជាតិ​អាមេរិកាំង​អំបូរ​ជ្វីព​ម្នាក់​ និង​ជា​សមាជិក​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ និង​ជា​អ្នកគាំទ្រ​ខ្លាំង​ម្នាក់​ដល់​ប្រទេស អ៊ីស្រាអែល» កិច្ច​ព្រមព្រៀង​នេះ​ផ្តល់​ឱ្យ​យើង​នូវ​ឱកាស​ល្អ​បំផុត​ដើម្បី​បញ្ឈប់​អ៊ីរ៉ង់​មិន​ឱ្យ​អភិវឌ្ឍ​អាវុធ​បរមាណូ៕