លោក​អូបាម៉ា​នឹង​ជួប​ប្រជុំ​ជាមួយ​លោក​ស៊ី ជីង​ពីង​ជា​បន្ត​នៅ​ថ្ងៃ​សុក្រ​នេះ

ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីងពីង​ (ខាងស្តាំ) ធ្វើ​ដំណើរ​ពី​សេតវិមាន​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ Blair House កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​ចិនស៊ី ជីងពីង ​និង​លោក​ប្រធានាធិបតីស.រ.អា​បារ៉ាក់​ អូ​បាម៉ា​នៅ​ថ្ងៃ​សុក្រ​នេះ នឹង​បន្ត​ការពិភាក្សា​គ្នា​ក្នុង​គោល​បំណង​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​លួច​យក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​គេមន្ទិល​សង្ស័យ​ថា​ ចិន​បាន​ធ្វើ​នោះ​លើ​គោល​នយោបាយ​សេដ្ឋ​កិច្ច​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង និងលើ​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​អូបាម៉ា​នឹង​ទទួល​ស្វាគមន៍​លោក​ស៊ី​ក្នុង​ពិធី​សាយភោជន៍​ផ្លូវ​រដ្ឋ​មួយ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក​អូបាម៉ា និង​លោក​ស៊ី​បាន​ដើរ​ទៅ​កាន់​កិច្ច​ប្រជុំក្នុង​ពេល​ទទួល​ទាន​អាហារ​ពេល​យប់​ឯកជន​នៅ​ទល់មុខ​សេតវិមាន ដែល​នៅ​ទីនោះ​អ្នក​ទាំង​ពីរ​ផ្តោត​ទៅ​លើ​បញ្ហា​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​ស៊ី​ បាន​ទៅ​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការ​ឈប់​សំចត​ទី២ នៃ​ទស្សនកិច្ច​មួយ​សប្តាហ៍​របស់​លោក​ទៅ​កាន់​ស.រ.អា ដែល​បាន​ចាប់​ផ្តើម​នៅ​ទីក្រុង​ Seattle នៅ​ឆ្នេរ​សមុទ្រ​ប៉ាស៊ី​ហ្វិក ដែល​នៅ​ទី​នោះ​លោក​មេដឹកនាំ​ចិន​បាន​ព្យាយាមធានា​ដល់បណ្តា​ក្រុម​ហ៊ុន​ស.រ.អា​ថា​ លោក​កំពុង​ធ្វើ​ការ​ព្យាយាម​ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាសវិនិយោគទុន​មួយ​ឲ្យ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន៕