លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងក្របខណ្ឌបរមាណូដែលត្រូវបានសម្រេចជាមួយប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុននឹងរក្សាទុកស្តុកសារធាតុអ៊ុយរ៉ាញូមនៃប្រទេសអ៊ីរ៉ង់ «នៅក្នុងកន្លែងមួយដែលពួកគេមិនអាចបង្កើតអាវុធបរមាណូបានទេ» ក្នុងរយៈពេលជាងមួយទសវត្សរ៍។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយវិទ្យុសាធារណៈស.រ.អា. NPR លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា នៅក្នុងរយៈពេលនោះប្រទេសអ៊ីរ៉ង់ត្រូវចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំដើម្បីអាចផលិតគ្រាប់បែកបរមាណូមួយគ្រាប់បាន។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា បើគ្មានកិច្ចព្រមព្រៀងនេះទេ ប្រទេសអ៊ីរ៉ង់អាចផលិតគ្រាប់បែកបរមាណូបានក្នុងពេលពី ពីរទៅបីខែទៀត នេះបើតាមការស្ទង់ប្រមាណដោយផ្នែកស៊ើបការសម្ងាត់ស.រ.អា.។
ហើយប្រសិនបើអ៊ីរ៉ង់រៀបចំផលិតអាវុធបរមាណូនៅក្រោយការរិតត្បិតត្រូវបានបន្ធូរបន្ថយនោះ លោកអូបាម៉ាបានមានប្រសាសន៍ថា មានជម្រើសសម្រាប់អនាគតប្រធានាធិបតីក្នុងការធ្វើសកម្មភាព។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «អ្វីដែលជាការព្រួយបារម្ភខ្លាំងគឺថាក្នុងពេល១៣ ១៤ ឬ១៥ឆ្នាំ អ៊ីរ៉ង់មានម៉ាស៊ីន centrufuges ទំនើបដែលសម្រិតសម្រាំងអ៊ុយរ៉ាញូមបានលឿន ហើយនៅពេលនោះអ៊ីរ៉ង់អាចផលិតអាវុធបរមាណូបាន»។
អត្ថាធិប្បាយរបស់លោកប្រធានាធិបតីមានទ្បើងនៅពេលលោកប្រឈមមុខនឹងការរឹះគន់អំពីកិច្ចព្រមព្រៀងដែលស.រ.អា.និងប្រទេសមហាអំណាចពិភពលោកប្រាំទៀតបានសម្រេចឡើងជាមួយប្រទេសអ៊ីរ៉ង់៕