លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កំពុងតែស្ថិតនៅក្នុងទីក្រុង Orlando រដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយសម្រួលដល់ស្ថានភាពដុនដាបដែលបានកើតឡើងដោយសារតែការបាញ់សម្លាប់រង្គាលដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក និងដើម្បីជួបដោយផ្ទាល់លក្ខណៈឯកជនជាមួយនឹងក្រុមគ្រួសាររបស់ជនរងគ្រោះដែលត្រូវបានគេសម្លាប់និងធ្វើឲ្យរងរបួសនៅឯក្លឹបរាត្រីមួយសម្រាប់បុរសស្រឡាញ់ភេទដូចគ្នាកាលពីថ្ងៃអាទិត្យ។
ដោយជិះយន្តហោះពីរដ្ឋធានីវ៉ាស៊ីនតោនទៅកាន់ទីក្រុង Orlando ដែលស្ថិតនៅប៉ែកអាស៊ីអាគ្នេយ៍នៃសហរដ្ឋអាមេរិក អ្នកនាំពាក្យម្នាក់របស់សេតវិមានបាននិយាយថា លោក អូបាម៉ា «មានអារម្មណ៍ថា មិនមានវិធីអ្វីដែលបង្ហាញការគាំទ្រដល់ជនរងគ្រោះនៅទីក្រុង Orlando ជាជាងទៅកាន់ទីនោះដោយផ្ទាល់នោះទេ»។ អ្នកនាំពាក្យរូបនោះបាននិយាយថា «លោកប្រធានាធិបតីចង់បង្ហាញដល់ប្រជាពលរដ្ឋអាមេរិកាំងទាំងអស់ថា លោកនៅជាមួយនឹងប្រជាពលរដ្ឋទីក្រុង Orlando»។
លោក អូបាម៉ា កំពុងជួបជាមួយនឹងសាច់ញាតិរបស់ជនរងគ្រោះទាំង៤៩នាក់ដែលត្រូវបានគេសម្លាប់និងជនរងគ្រោះ៥៣នាក់ទៀតដែលបានរងរបួស នៅឯក្លឹបរាត្រីមួយកាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលជនជាតិអាមេរិកាំងកាន់សាសនាឥស្លាមម្នាក់បានបាញ់កាំភ្លើងរះទៅលើហ្វូងមនុស្សដែលកំពុងតែរាំចង្វាក់ឡាទីន និងជប់លៀងជាមួយនឹងមិត្តភក្តិរបស់ពួកគេ។ ការឡោមព័ទ្ធដែលមានរយៈពេល៣ម៉ោងបានបញ្ចប់នៅពេលដែលប៉ូលិសបានជីករូងចូលទៅក្នុងក្លឹបរាត្រីនោះដែលមានឈ្មោះថា Pulse និងបានសម្លាប់ខ្មាន់កាំភ្លើងដែលមានឈ្មោះថា Omar Saddiqui Mateen នៅក្នុងការបាញ់ប្រហារតទល់គ្នានោះ។
លោកប្រធានាធិបតីដែលអមដំណើរដោយលោកអនុប្រធានាធិបតី Joe Biden ក៏បាននិយាយជាមួយនឹងជនរងគ្រោះដែលនៅរស់រានមានជីវិតពីការបាញ់ប្រហាររង្គាលនោះ ក៏ដូចជាប៉ូលិស ក្រុមការងាររថយន្តសង្គ្រោះបន្ទាន់ គិលានុបដ្ឋាក វេជ្ជបណ្ឌិត និងគ្រូពេទ្យវះកាត់ ដែលបានជួយព្យាបាលជនរងគ្រោះដែលត្រូវបានគេបាញ់នោះផងដែរ៕