ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានថ្លែងថា លោកបាននិយាយជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីខែកញ្ញា អំពីការចោទប្រកាន់ទាក់ទិននឹងការលួចចូលប្រព័ន្ធកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យ ហើយការលួចចូលប្រព័ន្ធកុំព្យូទ័រនោះមិនបានបន្តទៀតនោះទេ ក្រោយការសន្ទនាគ្នានោះ។
លោក អូបាម៉ា បានផ្តល់អត្ថាធិប្បាយក្រោយពេលដែលលោកបានធ្វើសន្និសីទកាសែតចុងឆ្នាំប្រចាំឆ្នាំរបស់លោកពីសេតវិមាន។ នៅពេលដែលលោកត្រូវបានសួរថា តើលោកជឿទេថា ការដែលលោកស្រី ហ៊ីឡារី គ្លីនតុន ចាញ់ការបោះឆ្នោតមានពាក់ព័ន្ធនឹងការរុស្ស៊ីលួចចូលប្រព័ន្ធកុំព្យូទ័រនេះដែរឬយ៉ាងណានោះ លោកមិនបានឆ្លើយឲ្យចំនោះទេ ប៉ុន្តែលោកបានថ្លែងថា៖ «ខ្ញុំនឹងឲ្យអ្នកជំនាញទាំងអស់ពិភាក្សាគ្នាអំពីរឿងនេះ»។
លោក អូបាម៉ា បានថ្លែងថា នៅពេលដែលមានការបញ្ជាក់ថាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យត្រូវបានគេលួចយកព័ត៌មាន រដ្ឋបាលរបស់លោកនឹងជូនព័ត៌មាននេះទៅអ្នកដែលត្រូវដឹងដោយពុំមានការបកស្រាយអ្វីបន្ថែម៕