លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានថ្លែងសុរន្ទកថាដ៏រំភើបចិត្តមួយនៅក្នុងពិធីបុណ្យសពលោក Beau Biden កូនប្រុសរបស់លោកអនុប្រធានាធិបតី Joe Biden ដោយបានហៅលោកថាជា «បុរសម្នាក់ដែលមានក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ហើយបានទទួលការស្រឡាញ់តបមកវិញ»។
លោកអូបាម៉ាឋិតនៅក្នុងចំណោមមនុស្សមួយចំនួនដែលបានផ្តល់កិត្តិយសជូនលោក Beau Biden កាលពីថ្ងៃសៅរ៍នៅឯព្រះវិហារគ្រឹស្តសាសនា Roman Catholic St. Anthony of Padua ក្នុងក្រុង Wilmington រដ្ឋ Delaware។
លោក Beau Biden ដែលជាអតីតរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋ Delaware បានទទួលមរណភាពដោយសារជំងឺមហារីកខួរក្បាលមួយសប្តាហ៍មកហើយក្នុងជន្មាយុ៤៦ឆ្នាំ។
មានមនុស្សប្រមាណមួយពាន់នាក់បានឋិតនៅពេញព្រះវិហារគ្រឹស្តសាសនានេះដើម្បីសម្តែងការគោរពរបស់ពួកគេ រួមមានលោកអតីតប្រធានាធិបតី Bill Clinton និងភរិយាលោក គឺលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.ព្រមទាំងលោកឧត្តមសេនីយ៍ Ray Odierno អតីតអគ្គមេបញ្ជាការកងទ័ពស.រ.អា.ក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅទីនោះលោក Beau Biden បានត្រូវបញ្ជូនឱ្យទៅបម្រើការមួយឆ្នាំ។ ក្រុមសមាជិកជាន់ខ្ពស់នៃសភាស.រ.អា.ក៏មានវត្តមានក្នុងពេលនោះដែរ។
លោកឧត្តសេនីយ៍ Odierno បានហៅលោក Beau Biden ថាជា«អ្នកស្នេហាជាតិ» ម្នាក់ ដោយលោកបានមានប្រសាសន៍ថាលោកមាន «កិត្តិយសដ៏ធំធេង» ដែលបានបម្រើការនៅជិតលោកនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយបានស្គាល់លោក៕