លោកស្រី Loretta Lynch ត្រូវបានកំណត់នឹងចូលកាន់តំណែងជាមន្ត្រីកំពូលផ្នែកពង្រឹងច្បាប់សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះ នៅពេលលោកស្រីស្បថសច្ចាប្រណិធានសម្រាប់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ថ្មីរបស់ជាតិ។
លោកអនុប្រធានាធិបតី Joe Biden នឹងធ្វើជាអធិបតីក្នុងពិធីស្បថសច្ចាប្រណិធាននេះនៅឯក្រសួងយុត្តិធម៌។
លោកស្រី Lynch នឹងក្លាយជាស្តី្រអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយ ដែលកាន់តំណែងជាអគ្គព្រះរាជអាជ្ញានេះ។ នាងបានបន្តតំណែងពីលោក Eric Holder ដែលជាបុរសស្បែកខ្មៅទីមួយកាន់តំណែងនេះ នៅមុនពេលលោកលាលែងចេញពីតំណែង ក្រោយពីបានលោកបានបំពេញមុខនាទីនេះអស់រយៈពេល៦ឆ្នាំមក។
កាលពីថ្ងៃព្រហស្បតិ៍ ព្រឹទ្ធសភាស.រ.អា. បានបោះឆ្នោតយល់ព្រមដល់ការតែងតាំងលោកស្រី Lynch ដោយបញ្ចប់ដំណើរការ៦ខែ ដែលរួមមានការខ្វែងគំនិតគ្នាអំពីការគាំទ្ររបស់លោកស្រីដល់សកម្មភាពនីតិប្រតិបត្តិរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា អំពីអន្តោប្រវេសន៍ និងការពន្យាពេលបណ្តាលមកពីសេចក្តីព្រាងច្បាប់ឯទៀតដែលមានការមិនស្រុះស្រួលគ្នា៕