លោក​ប្រធានាធិបតី​អូបាម៉ា​បញ្ចប់​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្រ្វិក

ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់ អូបាម៉ាថ្លែង​សុន្ទរកថា នៅ​ឯ​ការិយាល័យកណ្តាល​សហភាព​អាហ្វ្រិក​នៅ​ក្រុង​ Addis Ababa នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា បារ៉ាក់ អូបាម៉ា កំពុង​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ភាគ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក​នៅ​ថ្ងៃ​អង្គារ​នេះ។ លោក​បាន​ក្លាយជា​ប្រធានាធិបតី​ស.រ.អា​កំពុង​កាន់​តំណែង​ទីមួយ​ ដែល​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ទី​ស្នាក់​ការ​របស់​សហភាព​អាហ្រ្វិក​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អេត្យូពី។

ការ​ថ្លែង​សុន្ទរកថា​របស់​លោក​នៅ​ទីនោះ​ត្រូវធ្វើ​ឡើង ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ ​សហភាព​អាហ្វ្រិក​ Nkosazana Dlamini Zuma និង​បន្ទាប់​ពី​បាន​ទៅ​ទស្សនា​រោង​ចក្រ​ធ្វើ​ម្ហូប​មួយ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​អូបាម៉ា​បាន​ជួ​ប​ជាមួយលោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អេត្យូពី Hailemariam Desalegn ដើម្បី​ធ្វើ​ការ​ពិភាក្សា ដែល​លោក​អូបាម៉ា​បាន​ហៅ​ថា មាន​ភាព​ស្មោះត្រង់ ដែល​រួម​មានទាំង​ការ​អំពាវ​នាវឲ្យ​អ្នក​កាសែត ​និង​គណបក្សប្រឆាំង​ មាន​សេរី​ភាព​ថែម​ទៀត។ លោក​អូបាម៉ា​ថ្លែង​ថា ការ​ធ្វើបែប​នេះ​នឹង​ពង្រឹង​របៀប​វារៈ​របស់​គណបក្ស​កាន់​អំណាច​មិន​មែន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ទេ។

លោក Dasalegn បាន​ថ្លែង​ថា​ប្រទេស​អេត្យូពី​តាំង​ចិត្ត​ដើម្បី​កែ​លម្អ​សិទ្ធិ​មនុស្ស​ និង អភិបាលកិច្ច ហើយ​ថា​ ការ​តាំង​ចិត្ត​របស់​យើង​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ភាព​ពិត​ប្រាកដ មិន​មែន​រាក់​កំផែល​នោះ​ទេ៕