នៅក្នុងសុន្ទរកថាថ្លែងតាមកម្មវិធីវិទ្យុប្រចាំសប្តាហ៍ចុងក្រោយសម្រាប់ឆ្នាំ២០១៦ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានលើកឡើងពីជោគជ័យរបស់លោក ក្នុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល២អាណត្តិនេះ។
លោកបានថ្លែង៖ «នៅពេលមួយដែលបើកទំព័រឆ្នាំថ្មី ហើយយើងមើលទៅពេលអនាគត ខ្ញុំគ្រាន់តែចង់យកពេលវេលានេះថ្លែងអំណរគុណដល់គ្រប់គ្នាចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើដើម្បីឲ្យអាមេរិករឹងមាំជាងកាលពី៨ឆ្នាំមុន»។
លោកបានលើកឡើងពីវិបត្តិសេដ្ឋកិច្ច ការបាត់បង់ការងារ និងការបាត់បង់ទាហាន១៨ម៉ឺននាក់នៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហា្គនីស្ថាន ក៏ដូចជាបញ្ហាប្រឈមដែលលោកជួបប្រទះនៅពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ២០០៩ ប៉ុន្តែលោកបានថ្លែងថា ឥឡូវនេះ គឺ៨ឆ្នាំក្រោយមក អាមេរិកគឺខុសពីមុន។
លោកប្រធានាធិបតីបានថ្លែងថា ក្នុងអំឡុងពេលលោកកាន់តំណែង វិបត្តិសេដ្ឋកិច្ចបានភាពប្រសើរឡើង លោកបានបង្កើតការងាររាប់លាន ហើយមេដឹកនាំអាល់កៃដា Osama Bin Laden ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់អាមេរិក ហើយកងទ័ព ១៦៥.០០០នាក់បានវិលត្រឡប់ពីប្រតិបត្តិការនៅមជ្ឈិមបូព៌ាមកផ្ទះវិញផងដែរ៕