លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានជួបប្រជុំជាមួយលោកប្រធានាធិបតីកូស្តារីកា Luis Guillermo Solis នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីសម្រេចចុងក្រោយលើកិច្ចព្រៀមព្រៀងផ្ដល់ជំនួយយោធាក្នុងទឹកប្រាក់រាប់លានដុល្លារអាមេរិកទៅឲ្យប្រទេសកូស្តារីកា ដែលជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកកណ្ដាល។
នៅក្នុងកិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មរៀបចំទុក និងការជួញដូរមនុស្ស លោក Obama ដែលមានការចូលរួមពីលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ផងដែរ បានយល់ព្រមផ្ដល់ជំនួយជាសម្ភារៈយោធាក្នុងទឹកប្រាក់ប្រហែល ៣០ លានដុល្លារអាមេរិក ទៅឲ្យប្រទេសកូស្តារីកា។ ជំនួយទាំងនោះមានដូចជា យន្តហោះដឹកទំនិញពីរគ្រឿង នាវាល្បាតតាមសមុទ្រធំៗពីរគ្រឿង នាវាល្បឿនលឿនតូចៗពីរគ្រឿង ឧបករណ៍តាមដានពីលើអាកាស និងកម្មវិធីកុំព្យូទ័រសម្រាប់ជួយកំណត់អត្តសញ្ញាណជនអន្តោប្រវេសន៍ខុសច្បាប់។
នៅក្នុងកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកក៏យល់ព្រមផ្ដល់ជំនួយជាសម្ភារៈផ្សេងៗសម្រាប់សកម្មភាពពង្រឹងច្បាប់ ដែលក្នុងនោះមានដូចជារថពាសដែក ៣ គ្រឿង ការកសាងកន្លែងហាត់សមបាញ់កាំភ្លើងឲ្យដូចកន្លែងពិតៗ និងឧបករណ៍ទំនាក់ទំនងសម្រាប់សន្តិសុខយាមល្បាតប្រចាំឧទ្យានជាតិ Corcovado ជាដើម។
បន្ថែមទៅលើសម្ភារៈអស់ទាំងនេះ សហរដ្ឋអាមេរិកក៏នឹងផ្ដល់ឲ្យប្រទេសកូស្តារីកាផងដែរ នូវការបណ្ដុះបណ្ដាលសន្តិសុខល្បាតតាមឆ្នេរសមុទ្រទ្រង់ទ្រាយធំ និងកញ្ចប់ថវិកាជំនួយសម្រាប់ការជួសជុលនាវាដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យ។
លោក Solis បានហៅការផ្ដល់ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកថាជា «ជំនួយដ៏ធំបំផុតដែលផ្ដល់ឲ្យប្រទេសកូស្តារីកានៅក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ» និងបានលើកសរសើរថា នេះជាសញ្ញានៃឆន្ទៈល្អសម្រាប់ប្រទេសទាំងពីរ៕