ដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅកាន់ប្រទេសកេនយ៉ា និងប្រទេសអេត្យូពី (Ethiopia) កំពុងទាក់ទាញឲ្យមានការរិះគន់ថ្មីៗថា ប្រទេសទាំង២នេះមានការរំលោភសិទ្ធិមនុស្ស និងសេរីភាពប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
លោកប្រធានាធិបតីអូបាម៉ានឹងក្លាយជាប្រធានាធិបតីដែលកំពុងកាន់អំណាចលើកទីមួយទៅបំពេញទស្សនកិច្ចនៅប្រទេសកេនយ៉ា ដែលជាទឹកដីរបស់បុព្វបុរសលោក នៅពេលដែលលោកប្រធានាធិបតីអញ្ជើញទៅដល់ថ្ងៃសុក្រនេះដើម្បីចូលរួមសន្និសីទកំពូលពាណិជ្ជកម្ម ហើយនិងជួបជាមួយប្រធានាធិបតី Uhuru Kenyatta នៃប្រទេសកេនយ៉ា។ លោកអូបាម៉ានឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទីមួយដែលធ្វើដំណើរទៅកាន់ប្រទេសអេត្យូពី ហើយលោកប្រធានាធិបតីនឹងអញ្ជើញទៅដល់ប្រទេសនោះនៅថ្ងៃអាទិត្យដើម្បីជួបជាមួយលោកនាយករដ្ឋមន្រ្តី Hailemariam Desalegn ហើយនិងធ្វើសុន្ទរកថាទៅកាន់សហភាពអាហ្វ្រិក ដែលមានទីស្នាក់ការធំនៅទីនោះ។
អង្គការសិទ្ធិមនុស្ស Human Rights Watch ហើយនិងអង្គការសិទ្ធិមនុស្សផ្សេងៗទៀតនិងក្រុមអ្នកវិភាគបាននិយាយនៅក្នុងលិខិតទៅកាន់លោកប្រធានាធិបតីអូបាម៉ាថា «ខណៈដែលប្រទេសទាំង២ប្រឈមការគំរាមកំហែងសន្តិសុខពិតប្រាកដ យើងមានការព្រួយកង្វល់ពីរបៀបដែលរដ្ឋាភិបាលប្រទេសនីមួយៗធ្វើការឆ្លើយតបជារឿយៗដោយប្រើវិធានការសន្តិសុខខ្លាំងហួស ហើយបានបង្កើនកិច្ចខំប្រឹងប្រែងដើម្បីបង្ក្រាបអង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានសង្គម។ វិធានការទាំងនោះជាច្រើនបានធ្វើឲ្យអន្តរាយដល់ការការពារសិទ្ធិមនុស្ស និងនីតិរដ្ឋយ៉ាងខ្លាំង»។
លោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថា បញ្ហាទាំងអស់នេះនឹងមិនត្រូវគេទុកចោលនោះទេ៕