លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងចេញដំណើរនៅថ្ងៃអាទិត្យទី២២ខែឧសភា វេលាម៉ោង ១០:៣០យប់ ម៉ោងនៅសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃទៅកាន់ប្រទេសអឺរ៉ុបចំនួនបួន។
ក្រោយពីបានផ្តោតជាសំខាន់ទៅលើភាពចលាចលយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ាប្រទេសអស់រយៈពេល១សប្តាហ៍ លោកប្រធានាធិបតី នឹងបងែ្វរចំណាប់អារម្មណ៍របស់លោកទៅទ្វីបអឺរ៉ុបនិងការព្រួយបារម្ភរបស់បណ្តាប្រទេសនានានៅអឺរ៉ុបដែលសំខាន់បំផុតមានចំពោះសេដ្ឋកិច្ចពិភពលោក។
លោកប្រធានាធិបតីនឹងធ្វើទស្សនកិច្ចដំបូងនៅប្រទេសអៀរឡង់ ដែលខណៈពេលមួយ ប្រទេសនេះធ្លាប់ត្រូវគេហៅថាជាប្រទេស «ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងមួយ» នៅអឺរ៉ុបដែលសព្វថ្ងៃកំពុងតែទទួលរងការប៉ះពាល់ពីបញ្ហាជាប់បំណុល។
នៅប្រទេសអៀរឡង់ លោកអូបាម៉ានឹងរួមបញ្ចូលគ្នាកិច្ចការផ្លូវការនិងការទស្សនាកម្សាន្ត ដោយទៅទស្សនាភូមិតូចមួយដែលបុព្វបុរសរបស់លោកមួយចំនួនធ្លាប់បានរស់នៅ។
«ខ្ញុំគ្រោងទៅទស្សនាមិនត្រឹមតែរមណីយដ្ឋានល្បីៗប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំនឹងទៅទស្សនានៅតំបន់ម៉ាន់នីហ្គល (Moneygall) ដែលជីតាប្រាំជំនាន់របស់ខ្ញុំធ្លាប់បានរស់នៅទីនោះ»។
ប្រជាជនអាមេរិកជាង៣៧លាននាក់ មានឈាមជ័រជាជនជាតិអៀរឡង់ ហើយ លោកអូបាម៉ាមានប្រសាសន៍ថា ប្រទេសទាំងពីរជាប្រទេសដែលមានទំនាក់ទំនងជាបងប្អូនគ្នា។
បន្ទាប់ពីទស្សនកិច្ចនេះ លោកប្រធានធិបតីនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថៃ្ង នៅទីក្រុងឡុងដ៍។
លោកប្រធានាធិបតី អូបាម៉ា និង លោកស្រី នឹងស្នាក់នៅក្នុងព្រះបរមរាជវាំង បាក់ឃីងហ៊ែម (Buckingham Palace) ដែលម្ចាស់ក្សត្រិយ៍ អេលីសាបេត នឹងទទួលលាងសាយភោជន៍ជាផ្លូវការ។
នៅទីក្រុងឡុងដ៍ លោក អូបាម៉ា នឹងថ្លែងទៅកាន់សភាទាំងពីររបស់អង់គេ្លស ហើយលោកនឹងពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី ដេវីត ខេមឺរុន (David Cameron) អំពីបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាផ្សេងៗទៀត។
លោក ស្ទីវិន ក្លេមិនស៍ (Steven Clemons) ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅ មូលនិធិអាមេរិកថ្មី (New American Foundation) នៅរដ្ឋធានីវ៉ាស៊ីនតោនមានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងអង់គេ្លសមានផលប្រយោជន៍យ៉ាងច្រើនក្នុងការផ្លាស់ប្តូរនានានៅពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា និង អាហ្រ្វិកខាងត្បូង។
«ស្ថានភាពផ្លាស់ប្តូរនានាជាបន្តបន្ទាប់ និង នៅតែបន្តប្រែប្រួលអស់ជាច្រើនឆ្នាំនៅមជ្ឈិមបូព៌ានិងការប្រឈមជាបន្តនៃការដាក់ពង្រាយកម្លាំងទ័ពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន (Afghanistan) និង អន្តរាគមន៍នៃកងកម្លាំងរួមរបស់អង្គការអូតង់និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសលីប៊ី (Libya)»។
លោកប្រធានាធិបតីនឹងធ្វើដំណើរបន្តទៅ នរម៉ង់ឌី (Normandy) ប្រទេសបារាំង និងទីក្រុងកម្សាន្ត ដូវីល (Dauville) ដែលក្រុមប្រទេសឧស្សាហកម្មទាំងប្រាំបីនឹងធ្វើកិច្ចប្រជុំសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន។
មេដឹកនាំទាំងនោះនឹងផ្តោតលើបញ្ហាសំខាន់ធំៗជាច្រើន រួមមានបញ្ហាសុខភាពពិភពលោក សន្តិសុខស្បៀងអារហារ និង ការគ្រប់គ្រងអាវុធ។ ប៉ុន្តែ ចំណុចសំខាន់របស់ពួកគេនឹងផ្តោតលើសេដ្ឋកិច្ចពិភពលោក។
លោកប្រធានាធិបតី អូបាម៉ា នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសប៉ូឡូញដែលជាដំណើរទស្សនកិច្ចត្រូវពន្យារជាយូរមកហើយ។ លោក ប្រធានាធិបតី បានគ្រោងទៅធ្វើទស្សនកិច្ចនៅប្រទេស ប៉ូឡូញ តាំងពីឆ្នាំមុនម្ល៉េះ ដើម្បីចូលរួមពិធីបុណ្យសពរបស់លោកប្រធានាធិបតី ឡិច កាស៊ីនស្គី (Lech Kaczynski) និងមន្រ្តីជាច្រើនទៀត ដែលបានស្លាប់ក្នុងឧបទ្ទវហេតុពេលធ្លាក់យន្តហោះ។ ប៉ុន្តែ ដំណើរទស្សនកិច្ចនោះ ត្រូវបានលុបចោលវិញដោយសារមានពពកខ្មៅអួរអាប់ចេញពីការផ្ទុះភ្នំភ្លើងនៅប្រទេសអ៊ីសឡង់ (Iceland)៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស