ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកទៅកាន់ប្រទេសប្រេស៊ីល (Brazil) ឈីលី(Chile) និងអេលសាលវ៉ាឌ័រ(El Salvador) កាលពីសប្តាហ៍មុន លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងក្នុងសំឡេងឭៗអំពីការរីកចម្រើនខាងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងភាពជឿនលឿនទៅមុខខាងវិស័យសេដ្ឋកិច្ចនិងសង្គមនៅទី្វបអាមេរិកឡាទីន។ ក៏ប៉ុន្តែ លោកអូបាម៉ា ប្រឈមមុខទៅនឹងភារកិច្ចក្នុងការបំពេញឲ្យបាននូវការប្តេជ្ញាចិត្ត ដែលលោកបានធ្វើ។
បើទោះជាលោកត្រូវបានរំខានអារម្មណ៍ តាំងពីការចាប់ផ្តើមដំបូងនៃដំណើរទស្សនកិច្ចរបស់លោកនៅប្រេស៊ីលរហូតដល់បញ្ចប់ទស្សនកិច្ចនៅអេលសាលវ៉ាឌ័រ ដោយសារតែហេតុការណ៍នៅក្នុងប្រទេសលីប៊ី និងតំបន់មជ្ឈឹមបូព៌ាក៏ដោយ ក៏លោកប្រធានាធិបតីអូបាម៉ា សម្រេចគោលដៅសំខាន់ៗក្នុងដំណើរទស្សនកិច្ចរបស់លោកនៅអាមេរិកឡាទីន។
នៅក្នុងសុន្ទរកថាសំខាន់ៗនៅទីក្រុង រីយ៉ូ ឌឺហ្សាណេរ៉ូ (Rio de Janeiro) និងក្រុងសាន់ត្យាហ្គោ (Santiago) លោកបានគូសបញ្ជាក់អំពីអ្វីដែលលោកចាត់ទុកថាជាសារៈសំខាន់នៃទ្វីបអាមេរិកចំពោះសហរដ្ឋអាមេរិក និងកត់សម្គាល់អំពីការសម្រេចបានជាច្រើនដែលប្រទេសទាំងឡាយបានធ្វើ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការរីកលូតលាស់សេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងភាពក្រីក្រ។
លោកប្រធានាធិបតីបានប្រកាសអំពីគម្រោងជាដៃគូថ្មីៗក្នុងវិស័យមុខជំនួញនិងថាមពលស្អាត កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដទៃទៀត និងកំណត់គោលដៅថ្មី ដើម្បីបង្កើនការផ្លាស់ប្តូរនិស្សិត។
នៅក្នុងសុន្ទរកថារបស់លោកនៅឈីលី ដែលសំដៅទៅកាន់ប្រជាពលរដ្ឋនៅអាមេរិកឡាទីន លោកបានក្រើនរំឭកអំពីសម្ព័ន្ធភាពដើម្បីការរីកចម្រើន (Alliance for Progress) ដែលបានផ្តួចផ្តើមគំនិតដោយលោកប្រធានាធិបតី ចន អេហ្វ កេណ្ណឺឌី (John F. Kennedy) កាលពី៥០ឆ្នាំកន្លងទៅ។
«តថៈភាពនៃបច្ចុប្បន្នកាល ព្រមទាំងសមត្ថភាពនិងជំនឿចិត្តថ្មីរបស់អាមេរិកឡាទីន ទាមទារអ្វីដែលប្លែកៗពីមុន។ បញ្ហាប្រឈមរបស់លោកប្រធានាធិបតី កេណ្ណឺឌី នៅតែមានបន្ត ដើម្បីកសាងអឌ្ឍគោលមួយ ដែលប្រជាពលរដ្ឋទាំងអស់អាចសង្ឃឹមថានឹងមានកម្រិតជីវភាពរស់នៅប្រកបដោយចីរភាពនិងសមរម្យ ហើយពលរដ្ឋទាំងអស់អាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនិងសេរីភាព។ ប៉ុន្តែកន្លះសតវត្សរ៍ក្រោយមក យើងត្រូវតែផ្តល់អត្ថន័យដល់ការងារនេះ តាមវិធីសាស្ត្ររបស់យើងក្នុងរបៀបថ្មីមួយ»។
នៅក្នុងអ្វីដែលសេតវិមាន ពិពណ៌នាថាជាដៃគូដើម្បីការចម្រើនទៅមុន (Progress for Partnership) លោកប្រធានាធិបតី អូបាម៉ា បានគូសបញ្ជាក់អំពីគោលដៅបង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគរបស់សហរដ្ឋអាមេរិក ជាមួយអាមេរិកឡាទីន។ លោក បានបញ្ជាក់ពីចេតនារបស់លោកក្នុងការដោះស្រាយបញ្ហានៅសេសសល់ជាច្រើន ហើយជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូឡំប៊ីនិងប៉ាណាម៉ា រហូតដល់ទទួលបានការអនុម័តពីសភាសហរដ្ឋអាមេរិក។
ដៃគូដើម្បីការចម្រើនទៅមុខ ក៏រាប់បញ្ចូលទាំងកិច្ចប្រឹងប្រែងបែបសហប្រតិបត្តិការ ដើម្បីប្រឈមមុខទៅនឹងបញ្ហាអសន្តិសុខ និងបទឧក្រិដ្ឋដ៏ហិង្សា កិច្ចសហប្រតិបត្តិការខាងបច្ចេកវិជ្ជាថាមពលស្អាត និងការបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិ។ លោក អូបាម៉ាក៏បានអះអាងពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកិច្ចប្រឹងប្រែងក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបទឧក្រិដ្ឋ និងក្រុមជនអន្ធពាលថ្នាំញៀននៅក្នុងតំបន់។
ក្រុមមន្ត្រីនៅសេតវិមានថ្លែងថា គោលដៅសំខាន់សម្រាប់ដំណើរទស្សនកិច្ចនៅអាមេរិកឡាទីនរបស់លោកប្រធានាធិបតី គឺការគូសបញ្ជាក់ពីសារៈសំខាន់របស់ទី្វបអាមេរិកសម្រាប់រូបលោកផ្ទាល់និងចំពោះសហរដ្ឋអាមេរិក ត្រូវបានសម្រេច។
ប៉ុន្តែខណៈដែលក្រុមមន្ត្រីនិយាយថា លោកប្រធានាធិបតី តាំងចិត្តបំពេញឲ្យបានតាមការប្តេជ្ញាចិត្ត ក៏លទ្ធផលជាក់ស្តែងស្ថិតនៅលើសកម្មភាពអនុវត្តជាក់ស្តែង ដែលជាអ្វីដែលលោក អូបាម៉ាបានលើកឡើងនៅក្នុងសុន្ទរកថាដ៏សំខាន់របស់លោក ដែលបានថ្លែងនៅទីក្រុងសាន់ត្យាហ្គោ។
«ឥឡូវនេះ ខ្ញុំដឹងថា ខ្ញុំមិនមែនជាប្រធានាធិបតីដំបូងបង្អស់មកពីសហរដ្ឋអាមេរិកដែលបានសន្យាអំពីស្មារតីនៃភាពជាដៃគូថ្មីជាមួយអាមេរិកឡាទីនជាអ្នកជិតខាង នោះទេ។ ពាក្យសម្តី ស្រួលនិយាយទេ ហើយខ្ញុំដឹងថា ក្នុងពេលកន្លងមក សហរដ្ឋអាមេរិកប្រហែលធ្លាប់បានមើលរំលងតំបន់នេះ»។
ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅប្រេស៊ីល ឈីលី និងអេលសាលវ៉ាឌ័រ លោកប្រធានាធិបតី ក៏បានផ្តល់សារដ៏ច្បាស់លាស់ អំពីទស្សនៈវិស័យរបស់លោកទាក់ទងទៅនឹងសារៈសំខាន់នៃសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាននៅទូទាំងអាមេរិកឡាទីន។
នៅទីក្រុងសាន់ត្យាហ្គោ លោកបានអំពាវនាវឲ្យមានការប្តេជ្ញាចិត្តឡើងវិញ អំពីគោលការណ៍ នៅក្នុងធម្មនុញ្ញលទ្ធិប្រជាធិបតេយ្យអន្តរទ្វីបអាមេរិក (Inter-American Democratic Charter) ដែលបានអនុម័តនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដោយអង្គការនៃប្រទេសនៅទ្វីបអាមេរិក។
ទាក់ទងទៅនឹងហេតុការណ៍នៅអាហ្វ្រិកខាងជើង និងមជ្ឈឹមបូព៌ា លោកអូបាម៉ាបាននិយាយថា សមិទ្ធិផលសម្រេចបានរបស់ប្រជាពលរដ្ឋប្រទេសឈីលី អាចធ្វើជាគំរូមួយសម្រាប់ពលរដ្ឋនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក «ដើម្បីស្វែងរកសេរីភាពរបស់ខ្លួន»៕
ប្រែសម្រួលដោយ លី សុខឃាង