លោក​អូបាម៉ា៖ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់

លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង Baltimore ដើម្បី​ថ្លែង​ទៅ​កាន់​សន្និសីទ​លើ​បញ្ហា​របស់​គណបក្ស​ប្រជាធិបតេយ្យ។​​

លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ប្រាប់​សមាជិក​គណបក្ស​លោក​ថា​ លោក​មាន​ការ​ប្រាកដ​ក្នុង​ចិត្ត​ថា​ សមាជិក​ម្នាក់​នៃគណបក្ស​ប្រជាធិបតេយ្យ​នឹង​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​អាមេរិកាំង​បន្ទាប់​ពី​លោក។

ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ក្រុង​ Baltimore នៅ​ខាង​ជើង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ថា «សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ឈ្នះ​ឆ្នោត​ក្នុង​ខែ​វិច្ឆិកា​ហើយ​យើង​នឹង​មាន​អ្នក​ប្រជាធិបតេយ្យ​ម្នាក់​នឹង​បន្ត​តំណែង​ពី​ខ្ញុំ»។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ទំនុក​ចិត្ត​លើ​ការ​ទស្សន៍​ទាយ​របស់​លោក ពីព្រោះ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ «ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វីៗ​ដែល​មាន​សារៈសំខាន់​នៅ​ក្នុង​ជីវិត​របស់​ប្រជារាស្ត្រអាមេរិកាំង»។

​មេដឹកនាំ​ស.រ.អា.​រូប​នេះ​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតរយ្យ​នៅ​កន្លែង​សម្រាក​កាយ​ប្រចាំ​របស់​ពួក​គេ។

នៅ​ក្នុង​ការ​រិះគន់​មួយ​ដល់​លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ប្រជុំ​នេះ​ថា​ «យើង​នឹង​មិន​ពង្រឹង​ភាព​ជា​មេដឹកនាំ​របស់​យើង​នៅ​ទូទាំង​ពិភព​លោក​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​នយោបាយ​ប្រមាថ​មើល​ងាយ​អ្នក​កាន់​សាសនា​ឥស្លាម ឬ​ញុះញង់​ក្រុម​ផ្សេងៗ​នៃ​ប្រជារាស្ត្រ​អាមេរិកាំង​ឱ្យ​ឈ្លោះ​គ្នា​នោះ​ទេ»។

លោក​ Trump ដែល​សង្ឃឹម​ថា​នឹង​កាន់​តំណែង​ប្រធានាធិបតី​ស.រ.អា.​បានអំពាវនាវ​ឱ្យ​មាន​បំរាម​បណ្តោះអាសន្ន​មិន​អនុញ្ញាត​ឱ្យ​អ្នក​គោរព​សាសនា​ឥស្លាម ចូល​មក​ក្នុង​ស.រ.អា. ហើយ​លោក​ក៏​បាន​បង្ក​ឱ្យ​មាន​ការ​បែកបាក់​គ្នា​ក្នុង​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ៕