សកម្មជន​សិទ្ធិ​មនុស្ស៖ ជនជាតិ​ខ្មែរ​និង​វៀតណាម​រងគ្រោះ​ពី​ការ​រើសអើង​ជាតិ​សាសន៍​ដូច​គ្នា

ជនជាតិ​វៀតណាម​លក់​ត្រី​នៅ​ផ្សារ​ព្រែក​ភ្នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២។

ការ​វាយ​សម្លាប់​បុរស​វៀតណាម​ម្នាក់​ដែល​កើត​នៅ​កម្ពុជាដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​តូច​មួយ​នៅ​រដ្ឋ​ធានី​ភ្នំពេញ​កាលពី​ដើមខែ​នេះត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺ​ជា​ហេតុការណ៍​ទី​មួយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែលមាន​ជាប់​ទាក់​ទឹន​នឹងសកម្មភាព​រើសអើង​ជាតិ​សាសន៍។​ ​

មេដឹកនាំ​សហគមន៍​វៀតណាម​និង​ស្ថានទូត​វៀតណាមក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុកដាក់​និង​បញ្ឈប់​មិន​ឱ្យ​សកម្មភាព​តូច​មួយ​នេះ​រីករាលដាល​កាន់​តែ​ធំ ​ក្នុង​ខណៈ​ពេល​ដែល​អ្នក​តាម​ដាន​នានា​មើល​ឃើញ​ថា​សកម្មភាព​នៃ​ការ​រើស​អើង​ជាតិ​សាសន៍​ត្រូវ​បាន​អ្នក​នយោបាយ​គណបក្ស​ប្រឆាំងកំពុង​បញ្ឆេះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ។

អ្នក​តាម​ដាន​សភាព​ការណ៍​ប្រទេស​កម្ពុជា​យល់​ថា ​នេះ​គ្រាន់​តែ​ជា​ហេតុការណ៍​តូច​មួយ​កើត​ឡើង​ក្នុង​ពេល​ចុងក្រោយ​នេះ​ដែល​ផុស​ចេញ​ពី​មនោសញ្ចេតនា​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​ដែល​មាន​រាប់​ឆ្នាំ​មក​ហើយ។ កំហឹង​នេះ​ក៏​មាន​មក​លើ​ជន​ជាតិ​ខ្មែរ​គ្នា​ឯង​ផងដែរ​ដោយ​សារ​តែ​ព្យាយាម​ទប់​មិន​ឱ្យ​ការ​រើសអើង​រាលដាល​ខ្លាំង។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ម្នាក់​គឺ​លោក ​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាទទួល​រងការ​រិះគន់​យ៉ាង​ចាស់​ដៃ​រហូត​ដល់​មាន​ការ​គំរាម​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ​និង​ទូរស័ព្ទ​ចង់​សម្លាប់​ចោល​និង​ចោទ​ថា​លក់​ក្បាល​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ជា​ដើម ​នៅ​ពេល​ដែល​លោក​បាន​ទាម​ទារ​សុំ​ឱ្យ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ប្រើ​ប្រាស់​ភាសាដែល​មាន​លក្ខណៈ​អុចអាល​នាំ​ឱ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍។ ​

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ពន្យល់​ហេតុផល​នៃ​ការ​សុំ​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​វោហាសាសន៍​រើសអើង​ថា៖​

«គឺ​ខ្ញុំ​មើល​ទៅ​ប្រទេស​កម្ពុជា​ទាំង​មូល​នឹង​ខាត​គឺ​យើង​ចាប់ផ្តើម​ធ្វើ​ឱ្យ​ប្រទេស​ហ្នឹង​ចាប់​ផ្តើម​ប្រេះឆា។ ទីមួយ​ប្រេះឆា​ហ្នឹង​គឺ​ដោយ​សារ​យើង​ចាប់​ផ្តើម​រើស​អើង​ពូជសាសន៍​ជន​ជាតិ​វៀតណាម។ ទី​ពីរ​យើង​ចាប់ផ្តើ​ម​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​អ្នកណា​គេ​កាន់​ជើង​គណបក្ស​មួយ​យើង​ចោទ​អ្នក​ហ្នឹង​ជា​សត្រូវ​យើង​ជា​ជន​ជាតិ​វៀតណាម​ ឬ​មួយ​យើង​ថា​ជា​កញ្ជះ​ជន​ជាតិ​វៀតណាម​ដែល​ខ្មែរ​យើង​ថា​ជា​កញ្ជះ​យួន។ ដល់​ពេល​យើង​ធ្វើ​អញ្ចឹង​ចុង​បញ្ចប់​ខ្មែរ​យើង​ឃើញ​គ្នា​ជា​សត្រូវ ​ដល់​ឃើញ​គ្នា​ជា​សត្រូវ​សម្លាប់​គ្នា​ងាយ​ស្រួល​បំផុត»។​

ការ​រស់​នៅ​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ជិត​បួន​ឆ្នាំ​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន​១,៧លាន​នាក់​ ការ​ដាក់​អាណានិគម​របស់​វៀតណាម​រយៈ​ពេល​មួយ​ទសវត្សរ៍​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ខិតខំ​ការពារ​ពូជសាសន៍​របស់​ខ្លួន​និងមាន​អារម្មណ៍​កាន់​តែ​មិន​ល្អ​ចំពោះ​ជនជាតិ​វៀតណាម។

ការ​មិន​យោគយល់​គ្នា​ ការ​ចោទ​និង​មាក់ងាយគ្នា​បាន​កើត​មាន​ឡើង​រវាង​ជាតិ​សាសន៍​ដែល​នៅ ក្បែរគ្នា​ទាំងពីរ​នេះ។ ពលរដ្ឋ​វៀតណាម​មើល​មក​ពលរដ្ឋ​កម្ពុជា​ថា​ជា​ជន​ជាតិ​មួយ​ដែល​មិន​មាន​ការ​វិវត្តន៍​ខាង​បច្ចេកវិទ្យា​ អន់​ថយ​ខាង​ផ្នែក​វប្បធម៌ ​ហើយ​អ្នក​ខ្លះ​ថែម​ទាំង​មើល​ឃើញ​ថា​ពលរដ្ឋ​កម្ពុជា​ជា​មនុស្ស​បោកប្រាស់​និង​មិនគួរ​ឱ្យ​ទុកចិត្ត​បាន។ ក្នុង​ខណៈ​ពេល​ដែល​ជន​កម្ពុជា​មើល​ឃើញ ​ថា​វៀតណាម​ជា​អ្នក​ឈ្លានពាន ​អនុវត្ត​នយោបាយ​លេបទឹកដី​ព្រៃព្រឹក្សា​ខ្មែរ​និង​ដណ្តើម​ការងារ​របស់​ខ្លួន​ជាដើម។

តាម​ស្ថិតិ​ផ្លូវការ​ឱ្យ​ដឹង​ថា​ជនជាតិ​វៀតណាម​ដែល​បាន​កើត​នៅ​ប្រទេស​កម្ពុជា​និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មានប្រហែល​៥​ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា​សរុប​ទាំងអស់។

លោក​សែម ជី ​ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម​នៅ​ព្រះរាជាណាចក្រកម្ពុជា​បាន​បញ្ជាក់​ថា​កន្លង​មក​សមាគម​បាន​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​មាន​ការ​យល់​ដឹង​ពី​វប្បធម៌​ខ្មែរ​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​ដើម​កំណើត​វៀតណាម​ ​មាន​ការ​សាមគ្គីភាព​គ្នា​ហើយ​មាន​កា​រជួយ​គ្នា​ទៅវិញ​ទៅ​មក។​

លោក​សែម ជី ​ក៏​បាន​ស្នើ​សុំ​កុំ​ឱ្យ​ស្ថានភាព​ដូច​ករណី​ហិង្សា​នេះ​កើត​ឡើង​ជាថ្មី ​ម្តងទៀត។
«ក្នុង​នាម​សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​នៅ​កម្ពុជា​យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​នូវ​ការ​រើសអើង​ពូជសាសន៍​កុំ​ឱ្យ​មាន​បញ្ហា​ដូច​ករណី​ខាង​លើ​ដែល​កើត​ឡើង​ម្តង​ខាងមុខ​ទៀត​ ហើយ​បញ្ហា​ទីពីរ​ទៀត​យើង​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ កម្ពុជា​ហ្នឹង​ក៏​សូម​មាន​ការ​អំពាវនាវ​ទាំងអស់​នៅពេល​ខាងមុខ​ហ្នឹង​កុំ​ឱ្យ​មាន​បញ្ហា​ការញុះញង់​ប្រកាន់​ពូជសាសន៍»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជជែក​ជាមួយ​លោក Nguyen Tan Dung នាយរដ្ឋមន្ត្រី​វៀតណាម​នៅ​មុន​ពិធី​ចុះ​ហត្ថលេខា​មួយឯ​វិមាន​រដ្ឋាភិបាល​នៅ​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្នុង​អំឡុង​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​ប្រទេស​វៀតណាម។

បញ្ហា​ទាំង​អស់​នេះ ​មិន​មែន​កើតឡើង​តែ​ភាគី​កម្ពុជា​មួយ​មុខ​ទេ។ លោក​ ផាម ជីយុង​ (Pham Chi Dung) អ្នក​សារព័ត៌មាន​ឯករាជ្យ​និង​ជា​សកម្មជន​សង្គម​នៅ​ប្រទេស​វៀតណាម ​បាន​ទទួល​ស្គាល់ថា​ទំនាក់​ក្រោយ​ឆាក​នៃ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​និង​វៀតណាម និង​ការ​កេង​ចំណេញ​ហួស​ហេតុ​របស់​ក្រុមហ៊ុន​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា​ជា​ការ​បន្ថែម​កំហឹង​ពីលើការប្រើ​ប្រាស់​វោហាសាសន៍​រើស​អើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ផាម ជីយុង​ទទួល​ស្គាល់​ថា​បញ្ហា​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​មិន​សូវ​ចេញជាសាធារណៈ​ខ្លាំង​ទេ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មាន​អំណាច​ខ្លាំង។ វា​ទើប​តែ​ចេញ​ជា​រូប​រាង​ចំហរ​កាន់​តែ​ច្រើន​ឡើង​នៅ​ពេល​ដែល​គណបក្ស​នេះ​ចុះ​ខ្សោយ។

លោក​ផាម ជីយ៉ុង ​បាន​មើល​ឃើញ​ថា​បញ្ហា​នឹង​កាន់​តែ​អាក្រក់​ជាងនេះ​នៅ​ក្នុង​រយៈ​ពេល​បី​ឬបួន​ឆ្នាំ​ទៀត​នៅ​ពេល​ដែល​របប​របស់​លោក​ហ៊ុន សែន​ចុះ​កាន់​តែ​ខ្សោយ​ហើយ​អាច​ឈាន​ទៅ​ដួល​រលំ។​

«នៅ​ពេល​នោះ ​ទំនង​ជា​នឹង​មាន​អារម្មណ៍​ប្រឆាំង​នឹង​វៀតណាម​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​វា​ទំនង​ខ្លាំង​ណាស់​ថា​ការ​បះបោរ​នៅ​កម្ពុជា​មាន​ផល​ប៉ះពាល់​យ៉ា​ងធំ​ទៅ​លើ​សង្គម​វៀតណាម ​និង​រំខាន​ដល់​ជំហរ​របស់​រដ្ឋាភិបាល​វៀតណាម»។

សម្រាប់​សកម្មជន​វៀតណាម​ដូច​ជា​លោក​ផាម ជីយុង ​យល់​ថា​ការ​បញ្ឈប់​ការ​លូកដៃ​ចូល​របស់​រដ្ឋាភិបាល​វៀតណាម​មក​លើ​កិច្ច​ការ​របស់​កម្ពុជា​គឺ​ជា​កត្តា​មួយ​ដែល​ជួយ​ដល់​ការ​យោគយល់​គ្នា​កាន់​តែ​ច្រើន​របស់​ជន​ជាតិ​ទាំងពីរ។

លោក​ផាម ជីយុង​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​តាម​សារអេឡិកត្រូនិក​ថា៖
«ដើម្បី​បន្ធូរបន្ថយ​អំពើហិង្សា​រវាង​ពលរដ្ឋ​ទាំងពីរ​ វា​ជាការ​ចាំ​បាច់​ណាស់​ដែល​ត្រូវ​កាត់​បន្ថយ​ឬ​បញ្ឈប់​ការព្រម​ព្រៀង​នៅ​ពីក្រោយ​ឆាក​របស់​រដ្ឋាភិបាល​វៀតណាម​ជាមួយ​នឹង​កម្ពុជា។ បើ​និយាយ​ម៉្យាង​ទៀត​គឺ​ត្រូវ​បន្ថយ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​និង​ទុក​ឱ្យ​ពលរដ្ឋ​កម្ពុជា​សម្រេច​ជោគវាសនា​របស់​ពួកគេ​ដោយ​ខ្លួន​ឯង​ទៅ»។

ក្រុមហ៊ុន​វៀតណាម​បាន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ក្រុមហ៊ុន​ Hoang Anh Gia Lai ​ដែល​មក​ធ្វើ​ការ​វិនិយោគ​ខាង​ផ្នែក​ចម្ការ​កៅស៊ូ ​ហើយ​បាន​ប៉ះពាល់​ដល់​ជន​ជាតិ​ដើម​នៅ​ខេត្ត​រតនៈគីរីជាច្រើន​ដែល​នេះ​ជា​កត្តា​មួយ​ដែល​លោក​ផាម ជីយ៉ុង ​យល់​ថាមិន​បាន​ចូលរួម​ចំណែក​អ្វី សោះ​ដល់​ទំនាក់​ទំនង​ឱ្យ​បាន​ល្អ​ប្រសើរ​រវាង​ពលរដ្ឋ​ទាំងពីរ។

បាតុករ​គណបក្ស​ប្រឆាំង​ (គណបក្ស​សម រង្ស៊ី) ដុត​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​សីហា​ឆ្នាំ​១៩៩៨ ដើម្បី​ប្រឆាំង​តវ៉ា​នឹង​លទ្ធផល​ការ​បោះឆ្នោត។

ប៉ុន្តែ​លោក​ផៃ​ ស៊ីផាន រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រីបាន​បញ្ជាក់​ថា​នយោបាយ​ជាតិ​និយម​និង​រើសអើង​ពូជសាសន៍​សំដៅ​លើ​ជន​ជាតិ​វៀតណាម​មាន​តាំង​ពី​សម័យ​លន់ ណុល ​ខ្មែរ​ក្រហម ​ក្រោយ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​និង​រហូត​មក​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ។

«ដូច្នេះ​ចលនា​ហ្នឹង​ខ្ញុំ​មើល​ឃើញ​ហាក់​បី​ដូច​ជា​បង្កើត​ឡើង​ដដែលៗ​យើង​អត់មាន​ដើរ​ចេញ​ពី​អ្វី​ដែល​ជា​អតីត​កាល​ដែល​យើង​នាំ​គ្នា​យក​គំនិត​ជាតិ​និយម​ដើម្បី​ប្រមែ​ប្រមូល​កសាង​ជាតិ​នោះ​ទេ​គឺ​យើង​នៅ តែ​ដដែល​ទោះបី​ជា​មាន​បង្កើត​នូវ​តុលាការ​ខ្មែរ​ក្រហម​ដែល​ជា​ប្រធាន​បទ​នៃ​ការ​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជសាសន៍​យ៉ាង​ណា​ក៏​ដោយ​យើង​នៅ​តែ​បន្ត​ ជា​ពិសេស​អ្នក​ដឹកនាំ​នយោបាយ​ធំៗ»។

លោក​ផៃ​ ស៊ីផាន​បញ្ជាក់​បន្ថែម​ថា​កម្ពុជា​មិន​រងក្រោម​ឥទ្ធិពល​ប្រទេស​ណា​ទេ​ហើយ​ទទួល​យក​អ្នក​វិនិយោគ​ទុន​គ្រប់​បែប​ទាំង​អស់​ដោយ​មិន​រើស​អើង​ទេ​ដើម្បី ​ឱ្យ​កម្ពុជា​អាច​សម្រប​ខ្លួន​ចូលក្នុង​តំបន់​និង​ពិភពលោក​បាន។​

អំពើ​ហិង្សា​និង​វោហាសាសន៍​នយោបាយ​ដែល​មាន​ចរិត​រើស​អើង​លើ​ជន​ជាតិ​មួយ​ក៏​បាន​ធ្វើ​ឱ្យ​ព្រួយ​បារម្ភ​ដល់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផងដែរ។ ​

រីឯ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក៏បាន​ស្នើ​កុំ​ឱ្យ​មានការ​រើស​អើង​ជាតិ​សាសន៍និង​សុំឱ្យ​មាន​ការ​ស៊ើប​អង្កេតនៅពេល​ដែល​មាន​ករណី​ហិង្សា​ដែល​មាន​លក្ខណៈ​រើស​អើង​ជាតិ​សាសន៍ដូច​ជា​ការ​សម្លាប់​លើ​បុរស​ដើម​កំណើត​វៀតណាម​រូប​នោះ។

លោក​ ចាន់ សូវ៉េត ​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​បញ្ជាក់​ថា៖​ «យើង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​នៅ​ក្នុង​ប្រទេស​យើង​នាំ​គ្នា​ធ្វើ​យ៉ាង​ណា​គោរព​ច្បាប់​ទម្លាប់​យើង​ឱ្យ​បាន​ល្អ​បញ្ចៀស​កុំ​ឱ្យ​មាន​ហិង្សា​ដោយ​សារ​តែ​ការរើសអើង​ជាតិ​សាសន៍​នេះ​ ហើយ​បើ​និយាយ​ពី​បញ្ហា​ជាតិ​សាសន៍​នេះ​យើង​អត់​ចង់​ឱ្យ​កើត​មាន​ដូច​បណ្តា​ប្រទេស​ដទៃ​ទេ។ យើង​ចង់​ឱ្យ​ប្រទេស​យើង​អាច​រួម​រស់​ជាមួយ​គ្នា​ទៅ ​ជាតិសាសន៍​ណា​ក៏ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​យើង​ទទួល​បាន​សេចក្តី​សុខ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ច្បាប់​នៅក្នុង​ប្រទេស​យើង​អាច​អនុវត្ត​ទៅ​តាម​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ដូចគ្នា​ កុំ​ឱ្យ​ខ្មែរ​អនុវត្ត​ផ្សេង​ជន​ជាតិ​បរទេស​អនុវត្ត​ផ្សេង។ នេះ​ជាកំហុស​ឆ្គង​មួយ​ក្នុង​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស»។​

មាន​បុរសតែ​ម្នាក់​គត់ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ចាប់​ខ្លួន​និង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ហើយ​ត្រូវ​ដាក់ឃុំនៅ​ក្នុង​ពន្ធនាគារ​ហើយ​អាជ្ញាធរ​ប៉ូលិស​បញ្ជាក់​ថា​ខ្លួន​កំពុង​តែ​ស៊ើបអង្កេត​រក​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​យក​មក​ផ្តន្ទា​ទោស។គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​ក្រោយពី​មាន​ការវាយ​ប្រហារ​លើ​បុរស​វៀតណាម​នោះដោយ​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ហិង្សា​សម្លាប់​មនុស្ស​តាម​ផ្លូវ​សាធារណៈ។

លោក​យឹម សុវណ្ណ ​តំណាង​រាស្ត្រជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះជាតិ​និង​ជាអ្នក​នាំ​ពាក្យ​បាន​និយាយ​ការ​ពារ​គោល​ជំហរ​របស់​គណបក្ស​លោក​ថា៖

«អត់មាន​ការ​រើសអើង​ពូជសាសន៍​ទេ​តែ​គូបដិបក្ស​យើង​តែង​តែ​លាបពណ៌​យើង​ តែង​តែ​បំភ្លៃ​ចំពោះ​មុខ​សាធារណ​មតិ​ជាតិ​និង​អន្តរជាតិ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​អញ្ចេះ​ប្រកាន់​អញ្ចុះ​ ក៏ប៉ុន្តែ​តាំងតែ​ពី​ដើម​ទី​មក​គឺ​យើង​គ្រាន់​តែ​ចង់​ឱ្យ​មាន​ការ​គោរព​នូវ​ច្បាប់​អន្តោប្រវេសន៍​ច្បាប់​សញ្ជាតិ​ ឱ្យ​បាន​ត្រឹមត្រូវ​តែ​ប៉ុណ្ណឹង​ហើយ​ហាម​ដាច់​ខាត​មិន​គាំទ្រ​ជាដាច់​ខាត​នូវ​អំពើ​ហិង្សា​ទាំងឡាយ​ណា​ ការ​ប្រកាន់​ពូជសាសន៍ ​ប្រកាន់​ពណ៌​សម្បុរ​ ប្រកាន់​ជាតិ​សាសនា​ ប្រកាន់​ដើម​កំណើត​គឺ​គណបក្ស​សង្គ្រោះជាតិ​ជំទាស់​ប្រឆាំង​ដាច់​ខាត»។​

លោក​អ៊ូ វីរៈក៏​បាន​បង្ហាញ​នូវ​ជំហរ​ដូច​គ្នា​នេះ​ដែរ៖ «ទីមួយ​ជជែកគ្នា​ពីការ​រើសអើង​ពូជសាសន៍​នេះ​ដើម្បី​យើង​ឈាន​ទៅ​ដល់​ការ​បង្រួប​បង្រួម​ជាតិ​បាន​ហើយ​ទីពីរ​ជជែក​ពី​បញ្ហា​អន្តោប្រវេសន៍​ដែល​ប្រជាពលរដ្ឋ​យើង​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ហើយ​ខ្ញុំ​ថា​គួរ​តែ​ជជែកគ្នា​រឿង​ទាំង​ពីរ​ទន្ទឹម​គ្នា»។

សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ​មិន​បាន​សម្តែង​ការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួនឬ​ក៏​មាន​កំហឹង​នឹង​អ្នក​ដែល​គំរាម​និង​ប្រមាថ​ជីវិត​គាត់​ទេប៉ុន្តែ​លោក​ថា​ ការ​ផ្តោត​លើ​ដំណោះស្រាយ​ដើម្បី​ឱ្យ​សង្គម​ខ្មែរ​ទៅ​មុខ​និង​ជន​ជាតិ​ខ្មែរ​លែង​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ដែល​មាន​គំនិត​រើស​អើង​គឺ​ជា​អ្វី​ដែល​សង្គម​កម្ពុជា​ត្រូវ​ដោះស្រាយ៕