មេធាវីរបស់បុរសម្នាក់ដែលជាប់សង្ស័យថា បានបាញ់ប្រហារក្នុងវិហារឥស្លាមនៅប្រទេសន័រវែសនិយាយថា កូនក្តីរបស់លោកមិនសហការជាមួយអ្នកស៊ើបអង្កេតទេ។ មេធាវីនេះនិយាយនៅថ្ងៃចន្ទនេះថា «គាត់ប្រើសិទ្ធិរបស់គាត់ប្រឆាំងនឹងការសួរចម្លើយ។ គាត់មិនទទួលកំហុសទេ»។
ខ្មាន់កាំភ្លើងជាប់សង្ស័យនេះត្រូវបានបណ្តាញព័ត៌មានសម្គាល់ថា ឈ្មោះ Philip Manshaus អាយុ២១ឆ្នាំ។ បុរសជនជាតិន័រវែសនេះប្រឈមនឹងការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម។ មិនមានអ្នកណាម្នាក់បាត់បង់ជីវិតទេនៅវិហារឥស្លាមនោះ ប៉ុន្តែច្រើនម៉ោងក្រោយមក ប៉ូលិសបានប្រទះឃើញសាកសពរបស់បងប្អូនស្រីធម៌របស់ខ្មាន់កាំភ្លើងនេះនៅកន្លែងមួយទៀត។
លើសពីនេះទៀត ការបាញ់នៅវិហារឥស្លាមត្រូវបានគេចាត់ទុកជាការប៉ុនប៉ងវាយប្រហារភេរវកម្ម។ លោក Rune Skjold ស្នងការរងប៉ូលិសក្រុង Oslo បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលិសបានរកឃើញភស្តុតាងអំពីទស្សនៈជ្រុលនិយមរបស់ខ្មាន់កាំភ្លើង និងទស្សនៈអរិភាពប្រឆាំងនឹងជនអន្តោប្រវេសន៍។
មានមនុស្សតែបីនាក់ប៉ុណ្ណោះនៅវិហារឥស្លាម al-Noor នៅពេល Manshaus ចូលកន្លែងគោរពបូជានេះកាលពីថ្ងៃសៅរ៍។ គាត់បានចាប់ផ្តើមបាញ់ទៅលើបុរសពីរនាក់ ប៉ុន្តែបុរសម្នាក់ទៀតដែលជាមន្រ្តីកងទ័ពអាកាសប៉ាគីស្ថានចូលនិវត្តន៍អាយុ៦៥ឆ្នាំអាចទប់ទល់នឹងខ្មាន់កាំភ្លើង៕