គណៈប្រតិភូកូរ៉េខាងជើងមួយក្រុមបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីស្វែងយល់អំពីបទពិសោធន៍របស់ប្រទេសចិននៅក្នុងការកែទម្រង់សេដ្ឋកិច្ច និងការបើកចំហទទួលវិនិយោគបរទេស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ។
សម្ព័ន្ធមិត្តកាលពីសម័យសង្គ្រាមត្រជាក់ទាំងពីរនេះ បានបង្កើនការទាក់ទងគ្នានៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រៀមរៀបចំសម្រាប់ជំនួបជាប្រវត្តិសាស្ត្រមួយជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះ។
រដ្ឋាភិបាលចិនបានបញ្ជាក់ថា លោក Pak Thae Song អនុប្រធានគណៈកម្មការកណ្ដាលនៃគណបក្សពលកម្មកូរ៉េ ដែលជាគណបក្សកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងជើង បានធ្វើទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទម្សិលមិញ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនិស្តចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយថា៖ «ដំណើរទស្សនកិច្ចនេះគឺជាឧទាហរណ៍ដ៏ជាក់ច្បាស់នៃការមូលមតិគ្នាដ៏មានសារៈសំខាន់មួយរវាងអគ្គលេខាធិការគណបក្សកុម្មុយនិស្តចិនលោក Xi Jinping និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un»។
លោក Lu Kang បានបន្ថែមថា ក្រុមគណៈប្រតិភូនេះបានមក «សិក្សាស្វែងយល់ពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសចិន ការកែទម្រង់ និងការបើកចំហទទួលវិនិយោគបរទេស ក៏ដូចជាការជំរុញឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍រវាងភាគីទាំងពីរលើបញ្ហាអភិបាលកិច្ចផងដែរ»៕