អាមេរិក​ថា​កងទ័ព​កូរ៉េ​ខាង​ជើង​ពាក់​​ឯកសណ្ឋាន​ទាហាន​រុស្ស៊ី​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​​អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ស្តាំទីពីរ) និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចូលរួមពិធីដាក់កម្រងផ្កានៅវិមានរំដោះក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​កងទ័ព​កូរ៉េ​ខាង​ជើង​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធា​រុស្ស៊ី​និង​កាន់​អាវុធ​រុស្ស៊ី​ កំពុង​ធ្វើ​ដំណើរ​ទៅកាន់​តំបន់ Kursk នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​ នៅ​ក្នុង​អ្វី​ដែល​លោក​បាន​ហៅ​ថា​ ជា​ចំណាត់ការ​ប្រកប​ដោយ​គ្រោះថ្នាក់​និង​អស្ថរិភាព។ នេះ​បើ​តាមសេចក្តី​រាយ ការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Austin បាន​និយាយ​នៅឯ​សន្និសីទ​កាសែត​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូងលោក Kim Yong-hyun នៅពេល​ដែល​ការព្រួយបារម្ភ​កើនឡើង​អំពី​ការបញ្ជូន​កងទ័ព​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​រហូត​ដល់ ១ម៉ឺន១ពាន់​នាក់​ទៅ​កាន់​ប្រទេស​រុស្ស៊ី។

លោក​ Austin បាន​និយាយ​ទៀត​ថា​ ពួក​មន្ត្រី​កំពុង​ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​អំពី​ការបញ្ជូនកងទ័ព​នេះ។

លោក Austin បាន​និយាយ​ទៀត​ថា​ សហរដ្ឋ​អាមេរិក​នៅតែ​ព្រួយបារម្ភ​ ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​កងទ័ព​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការប្រយុទ្ធ ក៏ប៉ុន្តែ«ថា​តើ​ពួកគេ​នឹង​ត្រូវប្រើ​នៅ​ក្នុង​ការប្រយុទ្ធ​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ»។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ដល់​កូរ៉េ​ខាង​ជើង​ ឱ្យ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ប្រទេស​រុស្ស៊ី ដោយ​ភ័យខ្លាច​ថា​ពួកគេ​អាច​ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Austin បាន​និយាយដោយ​បន្ទតាម​ការអំពាវនាវ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ លោក Kim Yong-hyun នៅ​ឯ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​មន្ទីរបច្ចកោណ​ថា​៖ «ខ្ញុំ​សុំឱ្យ​ពួកគេ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​រុស្ស៊ី»។

លោក Kim បាន​និយាយ​ថា​ លោក​មិនជឿ​ថា​ការដាក់ពង្រាយ​កងទ័ព​នេះ​នឹង​ធ្វើ​ឱ្យ​មាន​សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េនោះ​ទេ ក៏ប៉ុន្តែ អាច​បង្កើន​ការគំរាម​កំហែង​សន្តិសុខ​រវាង​ប្រទេស​ទាំង២។ មាន​លទ្ធភាព​យ៉ាង​ខ្លាំង​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​សុំ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​នៅ​ក្នុង​ការដោះដូរ​ជា​មួយ​ការបញ្ជូន​កងទ័ព​របស់​ខ្លួន​ ដូចជា​សមត្ថភាព​នៃ​កាំជ្រួច​នុយក្លេអ៊ែរនិង​កាំជ្រួច​មីស៊ីល​បាល្លីស្ទិក។ នេះ​បើ​តាម​លោក Kim ដែល​បាន​និយាយ​តាមរយៈ​អ្នក​បកប្រែ៕