ការសាកល្បងគ្រាប់មីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើងបង្ហាញថា រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន កំពុងតែបន្តធ្វើឲ្យបច្ចេកវិទ្យាផលិតគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបរបស់ខ្លួនកាន់តែទំនើប ដែលសកម្មភាពនេះប្រឆាំងទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង (Pyongyang) បានធ្វើការសាកល្បងបាញ់គ្រាប់មីស៊ីល Musudan ចម្ងាយមធ្យមលើកទី៥និងទី៦របស់ខ្លួនកាលពីថ្ងៃពុធ ដោយបាញ់ចេញពីទីក្រុងឆ្នេរសមុទ្រ Wonsan។ មន្ត្រីយោធាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹងថា គ្រាប់មីស៊ីលទីមួយបានបរាជ័យភ្លាមៗបន្ទាប់ពីបានបាញ់ចេញ ប៉ុន្តែគ្រាប់មីស៊ីលទីពីរហោះបានចម្ងាយប្រមាណ៤០០គីឡូម៉ែត្រ មុនពេលដែលវាធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុនឬដែលកូរ៉េខាងត្បូងហៅថា សមុទ្រខាងកើត។
ការសាកល្បងគ្រាប់មីស៊ីលចុងក្រោយបង្អស់មិនបានទៅដល់ចម្ងាយ៣០០០គីឡូម៉ែត្រ ដើម្បីទៅដល់ទីបញ្ជាការដ្ឋានយោធាអាមេរិកនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកទេ ដែលគ្រាប់មីស៊ីលប្រភេទ Musudan ធម្មតាគួរតែទៅដល់។ គ្រាប់មីស៊ីលនោះក៏ទំនងជាមិនបានបង្ហាញពីសមត្ថភាពដែលអាចងើបឡើងម្តងទៀត ដើម្បីទៅផ្ទុះឲ្យចំគោលដៅបាននោះដែរ។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា កូរ៉េខាងជើងនៅតែបន្តដកពិសោធន៍ពីការបរាជ័យនេះ និងកំពុងតែផលិតគ្រាប់មីស៊ីលឲ្យកាន់តែទំនើបជាងមុនរាល់ពេលដែលខ្លួនសាកល្បងម្តងៗ។
«នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ពីព្រោះគ្រាប់មីស៊ីលដែលបានបាញ់កាលពីលើកមុនៗបានផ្ទុះក្រោយពីបាញ់បានបន្តិច ឬផ្ទុះនៅពេលបាញ់តែម្តង។ ដូច្នេះនេះគឺជាសញ្ញាណនៃការវិវឌ្ឍដ៏ពិតប្រាកដមួយ។ នេះជាសម្តីរបស់លោក Jeffrey Lewis ប្រធានកម្មវិធីទប់ស្កាត់ការរីករាលដាលនុយក្លេអ៊ែរនៅអាស៊ីខាងកើតនៃសាកលវិទ្យាល័យ Middlebury Institute of International Studies នៅក្នុងរដ្ឋ California។
លោក Lewis បានមានប្រសាសន៍បន្ថែមថា ការសាកល្បងនុយក្លេអ៊ែរជាច្រើនដងមកនេះក៏បង្ហាញថា ទណ្ឌកម្មអន្តរជាតិនានាដែលបានដាក់លើប្រទេសកូរ៉េខាងជើងមិនបានជះឥទ្ធិពលដល់សមត្ថភាពរបស់ប្រទេសនេះក្នុងការទទួលបានសម្ភារៈនិងបច្ចេកវិទ្យាដែលចាំបាច់ដើម្បីផលិតអាវុធនុយក្លេអ៊ែរទាំងនេះនោះឡើយ៕