មេដឹកនាំ​កូរ៉េខាង​ជើង​មិន​និយាយ​​​អ្វី​សោះ​​​​​នៅ​ពេល​​​ក្បួន​ព្យុហយាត្រា​បង្ហាញ​​​​មីស៊ីល​ឆ្លង​ទ្វីប ICBM ធំជាង​មុន

មីស៊ីល​​​​​​​​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្យុហយាត្រា​មួយ​ដើម្បី​កត់​សម្គាល់​ខួប​ទី​៧៥ នៃ​ការ​បង្កើត​កង​ទ័ព​កូរ៉េខាងជើង នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ (Reuters តាម​រយ:ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េខាងជើង)

នៅក្នុងសេចក្តី​រាយការណ៍អំពី​ក្បួន​ព្យុហយាត្រាកំណត់​ខួប​លើក​ទី៧៥នៃ​កំណើតកងទ័ព​ប្រជាជន​កូរ៉េ ​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េបាន​សរសើរការ​បង្ហាញកង​មីស៊ីល​ផ្លោងអន្តរទ្វីប​ ICBM ថា​ជាការបង្ហាញ​«ការ​អភិវឌ្ឍន៍បដិវត្តន៍»​នៃកម្លាំង​ការពាររបស់​ខ្លួន​និង«សមត្ថភាព​វាយប្រហារនុយក្លេអ៊ែរ»​របស់​ខ្លួន។​

មីស៊ីល​ ICBMs ធុន Hwasong-17 ចំនួន​១១គ្រឿងបានបើកក្នុង​ទីលាន Kim Il Sung ដឹក​ដោយ​យានយន្តសម្រាប់​បង្ហោះ។​ នេះ​បើ​តាម​រូបភាព​ផ្សព្វផ្សាយ​ដោយបណ្តាញព័ត៌មានរដ្ឋ។ បន្ទាប់មក​មាន​មីស៊ីល ICBMs ​តូចៗ​៥គ្រឿង​ដែល​គេមិន​ដែល​ឃើញ​កាលពី​មុន​ហើយ​មិនត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​ តែត្រូវអ្នកវិភាគ​ជា​ច្រើន​នាក់​ជឿថា​ជា​មីស៊ីល ICBM ​ប្រើ​ឥន្ធនៈ​រឹង​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងប៉ុនប៉ងអភិវឌ្ឍ​យូរយារ​មកហើយ។

លោក Ankit Panda ​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់នៅអង្គការ Carnegie Endowment ​សម្រាប់​សន្តិភាព​អន្តរជាតិ។ លោក​បាន​សរសេរ​ក្នុង​ tweet ​ថា«មាន​យានយន្ត​បង្ហោះ​មីស៊ីល ICBM ​មួយ​គ្រឿងសម្រាប់​អក្សរ​មួយតួ​ដើម្បី​សរសេរ​ពាក្យ​ «ការ​ធ្វើមិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ» តើ​នេះ​ជាការ​ចៃដន្យឬទេ?​។ លោកលើក​ឡើង​អំពី​កង្វល់​ថា​ចំនួន​មីស៊ីល ICBMs ទាំងនេះ-បើ​មាន​សមត្ថភាព-​អាចមាន​កម្លាំង​ខ្លាំង​ជាងកាំជ្រួចស.រ.អ.​មាន​មូលដ្ឋាន​លើ​ដី​សម្រាប់​ធ្វើការ​បាញ់ស្ទាក់។

មីស៊ីល​ ICBM ធុន​ Hwasong-17​ មានឈ្មោះ​ក្រៅ​ថា​«មហាមីស៊ីល»​ដោយសារមាន​សមត្ថភាព​អាច​បាញ់​ដល់ប្រទេស​អាមេរិក​ដី​គោក ​ដោយ​មានផ្ទុក​គ្រាប់​បែក​នុយក្លេអ៊ែរ​មាន​ទីដៅ​ច្រើន។ ​តេស្តមាន​ជោគជ័យដំបូងបានធ្វើកាលពី​ខែវិច្ឆិកា ​ដែលមីស៊ីល​បែប​នេះ​ហោះ​បាន​ចម្ងាយ​១៥០០០​គ.ម.។​

គេ​ដឹង​ថា​កូរ៉េខាង​ជើងកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យា​ reentry ​ជាមួយ​ម៉ាស៊ីនប្រើ​ឥន្ធនៈ​រឹង​ដែល​អាច​ឱ្យ​មីស៊ីល ICBMs ​ផ្ទុក​ឥន្ធនៈ​រឹង​ អាច​កាត់បន្ថយ​ពេលវេលា​ចាប់ពីការបញ្ចេញ​មីស៊ីល​នេះ​រហូត​ដល់​ពេល​បង្ហោះ ​បើ​ប្រៀបធៀបជា​មួយមីស៊ីល​ប្រើ​ឥន្ធនៈរាវ។
អ្នក​វិភាគ​ខ្លះនៅក្រុង​សេអ៊ូល​យល់​ថារដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​ធ្វើតេស្តមីស៊ីល ICBM ធុន Hwasong-17 ​ទៀត ​ដោយ​លើកនេះ​តាម​គន្លង​ហោះ​ធម្មតាដោយ​ត្រង់ នៅ​ក្នុង​អ្វី​ដែល​ជា​ចំណាត់ការអុជអាលខ្លាំង​មួយសម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី៩ ​ខែ​កុម្ភៈ​ថា«កង​យោធពល​វ័យ​ក្មេង​របស់​យើង​បាន​អភិវឌ្ឍទៅ​ជាអង្គភាព​មាន​កម្លាំងបំផុត​ ​ជាមួយ​ស្តុក​អាវុធមានកម្លាំងខ្លាំង​លើសលុប ​សម្រាប់​បង្ក្រាប​និង​កម្ទេចពួក​ចក្រពត្តិ»។​ របាយការណ៍​អំពី​ក្បួន​ព្យុហយាត្រា​នេះ​បាន​និយាយ​យោង​ដល់​សមត្ថភាពអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។​

របាយការណ៍នេះ​ក៏​បាននិយាយ​ដែរ​អំពី​អង្គភាព​ប្រតិបត្តិការ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​ថ្មី​មួយ ​ដែលនឹង​បំពេញ​«បេសកកម្មយុទ្ធសាស្ត្រ​របស់​ពួកគេនៅពេល​ណាមួយដោយ​ស្មោះត្រង់​តាម​បញ្ជា​មេដឹកនាំ»៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម​ សុមេធ