បន្ទាប់ពីបានធ្វើដំណើរតាមរថភ្លើងបាញ់មិនធ្លុះកាត់តាមប្រទេសចិនអស់រយៈពេលជិត ៣ ថ្ងៃ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានទៅដល់ប្រទេសវៀតណាម ដើម្បីចូលរួមជំនួបលើកទី ២ របស់លោកជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump។
រថភ្លើងបាញ់មិនធ្លុះពណ៌បៃតងចាស់លាយលឿងរបស់លោក Kim Jong Un បានធ្វើដំណើរដល់ក្រុង Dong Dang នៃប្រទេសវៀតណាម ជាប់ជាមួយនឹងព្រំដែនចិន កាលពីព្រឹកថ្ងៃអង្គារនេះ។ លោក Kim Jong Un ចុះពីរថភ្លើងដោយទឹកមុខញញឹមញញែម និងបានគ្រវីដៃទៅកាន់ក្រុមមនុស្សមកទទួលស្វាគមន៍លោកច្រើន នៅពេលដែលលោកដើរពីលើកម្រាលពណ៌ក្រហមឡើងជិះរថយន្ត limousine ពណ៌ខ្មៅ ម៉ាក Mercedes-Benz។
ក្រុមអង្គរក្សរបស់លោក Kim Jong Un ដែលពាក់សម្លៀកបំពាក់គ្រ័រសេពណ៌ខ្មៅរត់អមសងខាងរថយន្តរបស់លោក នៅពេលដែលរថយន្តនោះចាកចេញពីស្ថានីយរថភ្លើង។
លោក Kim Jong Un ដែលបានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ ឥឡូវនេះនឹងត្រូវធ្វើដំណើរតាមរថយន្តជាច្រើនម៉ោងទៀតទៅកាន់រដ្ឋធានីហាណូយ ប្រទេសវៀតណាម។
នៅក្នុងអំឡុងពេលពីរថ្ងៃនៃជំនួបរបស់លោក Kim Jong Un ជាមួយនឹងលោក Trump ដែលនឹងចាប់ផ្ដើមពីថ្ងៃពុធស្អែកនេះតទៅ លោកទាំងពីរនឹងព្យាយាមធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍទៅមុខនៃកិច្ចព្រមព្រៀងលុបបំបាត់នុយក្លេអ៊ែរ ដែលលោកទាំងពីរសម្រេចបានកាលពីកិច្ចប្រជុំលើកទីមួយនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន។
នៅព្រឹកថ្ងៃពុធស្អែក លោក Kim Jong Un ត្រូវគេរំពឹងថានឹងជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលវៀតណាម។ លោកក៏អាចធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Hai Phong ដែលជាទីក្រុងឧស្សាហកម្មដ៏សំខាន់មួយរបស់វៀតណាម និងមជ្ឈមណ្ឌលផលិតកម្មខេត្ត Bac Ninh របស់វៀតណាមផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕