៩០ភាគ​រយ​នៃ​ប្រាក់​ខែកម្មករ​កូរ៉េ​ខាង​ជើង​នៅ​​ប្រទេស​កាតា​​ត្រូវ​បាន​រឹប​អូស

ទីធ្លារទំនេរ​មួយ​កន្លែង​ក្នុង​ទីក្រុងដូហា ដែលជា​កន្លែងកម្មករ​បរទេស​ជា​ច្រើន​ធ្វើ​ការ​នៅ​ការដ្ឋាន​​ក្បែរ​នេះ​ ​រង​ចាំ​ជិះ​ឡាន​។

គេ​បានប៉ាន់​ប្រមាណ​ថា​ ជន​ជាតិ​កូរ៉េ​ខាងជើងប្រហែល​៥ម៉ឺន​នាក់​ កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ចំនួន​១៦​នៅ​ទូទាំង​ពិភពលោក និងកំពុង​តែ​ផ្ញើ​ប្រាក់​ត្រឡប់​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង។ អ្នក​យក​ព័ត៌មាន​វីអូអេ​ផ្នែក​ភាសា​កូរ៉េ​ លោក​ Eunjung Cho បាន​ទៅប្រទេស​កាតា​ ដើម្បី​ពិនិត្យ​មើល​ផ្ទាល់​កម្មករ​កូរ៉េ​ខាង​ជើង​ចំនួន​បីពាន់​នាក់​ដែល​កំពុង​ធ្វើការ​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក។

កម្មករ​កូរ៉េ​ខាង​ជើង​ប្រហែល​បីពាន់​នាក់​កំពុង​តែ​បែក​ញើស​ដោយ​សារ​កម្តៅ​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​ប្រទេស​កាតា។

ក្រុមកម្មករ​និង​មេការ​សំណង់​ទាំង​នោះ​បាន​ប្រាប់​វីអូអេ​ថា​ ពួក​គេ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង​ ហើយ​ប្រាក់​ដែល​គេ​ទទួល​បាន​ត្រូវ​បាន​រឹបអូស​យក​ដោយ​មន្រ្តី​កូរ៉េ​ខាងជើង។ កម្មករ​កូរ៉េ​ខាងជើង​ម្នាក់​និយាយ​ថា មាន​តែ​អ្នក​ដែល​គ្មាន​ប្រាក់​សោះ​ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ឯក្រៅ​ប្រទេស។

លោក​បាន​និយាយ​ថា​ មនុស្ស​ជា​ច្រើន​ទៅ​ក្រៅ​ប្រទេស​ពីព្រោះ​ពួកគេ​គ្មាន​ទ្រព្យធន​ ហើយមាន​ការ​ពិបាក​ក្នុង​ការ​រស់​នៅ​ក្នុង​ប្រទេស​កំណើត​ដោយ​គ្មាន​ប្រាក់។ ដើម្បី​បាន​ការងារ​ធ្វើ​ ពួក​គេ​ត្រូវ​ការ​ប្រាក់។ លោក​បាន​បន្ថែម​ថា​ ដើម្បី​ធ្វើ​អ្វី​មួយ​ ពួក​គេ​ត្រូវ​ការ​ប្រាក់​ ដូច្នេះ​គេ​ចេញ​មក​ប្រទេស​ក្រៅ​ពីព្រោះ​ពួកគេគ្មាន​ប្រាក់។ តែ​តាម​ការ​ពិត​ ទោះបី​ជា​ពួក​គេមក​ដល់​បរទេស​ក៏​ដោយ ពួកគេក៏​មិន​អាច​សន្សំ​ប្រាក់​បាន​ដែរ។

បុរស​ដែល​សុំមិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ កំពុង​ដើរ​នៅ​ខាង​ក្រៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ក្នុង​ទីក្រុង​ដូហា (Doha)។ លោក​បាន​សច្ចា​ថា​ នឹង​មិន​ទៅ​ធ្វើ​ការ​នៅ​បរទេស​ម្តង​ទៀត​ទេ។

លោក​បាន​និយាយ​ថា​៖ ​«មិនត្រឹម​តែ​លោក​ទេ​ដែល​និយាយ​ដូច្នេះ​នោះ​ អ្នក​ផ្សេង​ទៀត​ក៏​និយាយ​អញ្ចឹង​ដែរ។​ យើង​ចេញ​មក​ក្រៅ​ដើម្បី​រក​ប្រាក់​សម្រាប់​ខ្លួន​យើង​ មិន​មែន​ដើម្បី​ឲ្យ​អ្នក​ចាត់​ការ​ឬ​លេខា​បក្ស​កេង​ប្រវ័ញ្ច​លើ​ពួក​យើង​ទេ។ ក៏ប៉ុន្តែ​ កម្មករ​នៅ​ក្នុង​ប្រទេស​កាតា​នេះ​ កំពុង​តែ​រក​ប្រាក់​សម្រាប់​មេការ​ និង​លេខា​បក្ស»។

លោក​បាន​ត្អូញត្អែរ​ថា​ ប្រាក់ខែ​របស់​លោក​ភាគ​ច្រើន​បាន​បាត់​បង់​ដោយ​សារ​តែ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​យកមួយ​ភាគ​ដោយ​ចាត់​ទុក​ថា​ជា​ «ប្រាក់​មូលនីធិ​ភក្តីភាព»​ ហើយថា​ ក្រុមហ៊ុន​កូរ៉េ​ដែល​ជ្រើស​រើស​កម្មករ​មានមូលដ្ឋាន​ក្នុង​ប្រទេស​កាតា​ ក៏​បាន​យកប្រាក់​ខែ​របស់​លោកមួយ​ចំណែក​ទៀត​សម្រាប់​«ការ​ចំណាយ​ផ្សេងៗ»។

​កម្មករ​រូបនោះ​និយាយ​ថា​ លោក​គួរ​តែ​ទទួល​បាន​៧៥០​ដុល្លារ ​ឬស្មើនឹង​២៥០០​រីយ៉ាលនៃប្រទេស​កាតា។ ក៏ប៉ុន្តែ​ លោកបាន​បន្ត​ថា​ បន្ទាប់​ពី​ចំនួន​នេះ​ត្រូវ​បាន​យក​ចេញ​ម្តង​ហើយ​ម្តង​ទៀត​ ប្រាក់​ខែ​ដោយ​បន្សល់​តែ​១៥០​ដុល្លារ។ ចេញ​ពី​ការ​ចំណាយ​ផ្សេងៗ ការ​សន្សំ​សំចៃ​ត្រូវ​កាត់​ចេញ​ម្តង​ទៀត ហើយ​ទី​បញ្ចប់អ្នកនៅ​សល់​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ។

លោក​និយាយ​ថា​ មាន​តែ​អ្ន​ក​ដែល​មាន​សំណាង​ទេ​ដែល​អាច​សល់​ប្រាក់​ពីរពាន់​ដុល្លារ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក្រោយ​បាន​ពេល​ធ្វើ​ការ​នៅ​ប្រទេស​កាតា​អស់​រយៈ​ពេល​បី​ឆ្នាំ។

ឥទ្ធិពល​ដែល​គេ​មិន​បាន​គិត​ដល់​មួយ​នៃ​ការ​ទទួល​កម្រៃ​តិច​នេះ​គឺ​ថា​ កម្មករ​កូរ៉េ​ខាង​ជើង​ជាង​ច្រើន​មាន​បំណង​ចូល​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ។ កូរ៉េ​ខាង​ជើង​មាន​កេរ្តី៍​ឈ្មោះ​ល្បីថា​ជា​អ្នក​ផលិតស្រា​ខុសច្បាប់​ធំ​ជាង​គេ​នៅ​កាតា ដែល​មាន​តែ​ជន​បរទេស​មាន​ប្រាក់​ចំណូល​ជាង​មួយពាន់​មួយរយដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ទិញ​ស្រា​នោះ។

កម្មករ​ចំណាក​ស្រុកជា​ច្រើន​មកពី​ទូទាំង​ពិភពលោក​ ដែល​មក​ប្រទេស​កាតា​ ប្រាថ្នា​ចង់​បាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្រវឹងក្រោយ​ពេល​ធ្វើ​ការ​អស់​ជា​ច្រើន​ម៉ោង។ ហើយ​ជនជាតិ​កូរ៉េ​ខាង​ជើង​ជា​អ្នក​ផ្តល់​ជូន​គ្រឿង​ស្រវឹង​ទាំង​នោះ។

កម្មករ​កូរ៉េ​ខាង​ជើង​ម្នាក់​ប្រាប់​វីអូអេ​ថា​ ពួក​គេ​បាន​ធ្វើ​អំពើ​ទាំង​នោះ​ បើ​ទោះ​បីជា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក៏​ដោយ។

លោក​បាន​ពន្យល់​ថា​ នៅពេល​មនុស្ស​ត្រូវ​បាន​គេ​ចាប់​ដោយសារ​ការ​ពាក់​ព័ន្ធ​នឹង​ស្រា​ខុស​ច្បាប់​នោះ​ ពួក​គេ​ត្រូវ​បញ្ចូន​ត្រឡប់​ទៅ​ស្រុក​វិញ។ កាល​ពី​ថ្មីៗ​នេះ​ មនុស្ស​បួន​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ។ ក៏​ប៉ុន្តែ​នៅ​តែ​មានជនជាតិ​កូរ៉េ​ខាងជើង​ផ្សេង​ទៀត​ ដែល​ផលិត​ស្រា​នោះ​ហើយ​លក់​ឲ្យ​ជនជាតិ​កូរ៉េ​និង​ជន​ជាតិ​ដទៃ​ទៀត។ លោក​និយាយ​ថា​ ស្រា​មួយដប​មាន​តម្លៃ​១៥វ៉ុនគិត​ជាប្រាក់​កូរ៉េ​ខាង​ជើង​ ដែលមាន​តម្លៃ​ប្រហែល​៥ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​និយាយថា​៖ «តម្លៃ​នោះ​វា​ថ្លៃ​ខ្លាំង​ណាស់ ក៏​ប៉ុន្តែ​យើង​នៅ​តែ​ពិ​សារ​ស្រា​ទាំង​នោះ​ដើម្បី​ឲ្យ​គំនិត​ស្រស់ស្រាយ​ឡើង​វិញ​និង​មាន​អារម្មណ៍​ល្អ។»

លោក​បន្ថែម​ថា​ អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​ស្រានោះ​រក​ប្រាក់​ចំណូល​បាន​យ៉ាង​តិច​មួយ​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​៦​ខែ​។

នៅ​តំបន់​ West Bay នៃ​ទីក្រុង​ដូហា ដែល​ពោរ​ពេញ​ទៅ​ដោយ​សណ្ឋាគារភ្លឺ​ចិញ្ចាច​ និង​អា​គារ​ខ្ពស់ៗ​ មាន​ការដ្ឋាន​សំណង់​ជាច្រើន​ដែល​ជួល​កម្មករ​កូរ៉េ​ខាង​ជើង។ ការដ្ឋាន​មួយ​ដែល​សាងសង់សណ្ឋាគារ​ប្រណីត​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​រយៈ​ពេល​៨​ខែ​ទៀត។

មេការ​ជាជនជាតិ​ឥណ្ឌា​ម្នាក់​និយាយថា​៖ «ជនជាតិ​កូរ៉េ​នៅ​ទីនេះ? ពួក​គេ​នៅ​លើនោះ។ ពួក​គេ​កំពុង​ធ្វើ​ការ​នៅ​កន្លែង​ដែក។»

វិស្វករ​ក្នុង​ការដ្ឋាន​ម្នាក់​នេះ​និយាយ​ថា​ មាន​ជនជាតិ​កូរ៉េ​ខាង​ជើង​ប្រហែល​មួយរយនាក់ធ្វើ​ការ​នៅ​ជាន់​ដំបូល​កំពុង​តែ​ចង​ដែក។

ក្រោយ​ពេល​វីអូអេ​បាន​និយាយ​ជា​មួយ​កម្មករ​ជា​ច្រើន​នាក់​ក្នុង​ការដ្ឋាន​នោះ​ ដែល​មក​ពីប្រទស​ស្រីលង្កា​ នេប៉ាល់​ ឥណ្ឌា​ និង​ស៊ីរី​ កម្មករ​ជនជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​ត្រូវ​បាន​ហៅ​មក​ជួប។ គាត់​ហាក់​មានមន្ទិល​សង្ស័យ​ក្នុង​ចិត្ត​ ហើយ​មាន​ការ​ស្ទាក់​ស្ទើរ​មិន​ចង់​និយាយ។

គាត់​មិន​បាន​ឆ្លើយ​សំនួរ​ច្រើន​ទេ ក៏​ប៉ុន្តែ​បាន​និយាយ​ថា​ កម្មករ​ជាតិ​កូរ៉េ​ខាងជើង​ក្នុង​ការដ្ឋាន​នោះ​ បញ្ចប់​ការ​ងារ​នៅ​ម៉ោង​១០​យប់។ កម្មករ​ពី​ប្រទេស​ដទៃ​ទៀត​ចាប់ផ្តើម​ចេញ​ពី​ការ​ងារ​នៅ​ម៉ោង​៥ល្ងាច​ គឺ​នៅ​ពេល​ដែល​កម្មករ​វេន​យប់​មកដល់។ ការដ្ឋាន​សំណង់​នៅ​ប្រទេស​កាតា​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ម៉ោង​៦​ព្រឹក។

មេការ​សំណង់​ជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ក្នុង​ប្រទេស​កាតា​ ដែល​សុំ​ឲ្យ​ហៅ​ឈ្មោះ​លោកថា​ត្រឹមតែ​ Lee និយាយ​ថា ​ក្រុម​កម្មករ​កូរ៉េ​ខាងជើង​ត្រូវ​គេ​ដឹង​ថាត្រូវ​ធ្វើ​ការ​រយៈ​ពេល​ច្រើន​ម៉ោង។

នៅ​ចម្ងាយ​១២​គីឡូ​ម៉ែត្រ​ពី​កណ្តាលទីក្រុង​ដូហា​ គឺ​ជា​តំបន់​ឧស្សាហកម្ម​មួយ​ឈ្មោះ​ Al Sailiya។ នៅ​លើ​ទី​ធ្លា​ដ៏ធំ​មួយនោះ​គឺ​ជា​ជំរុំ​នៃ​កម្មករ​កូរ៉េ​ខាងជើង។ នៅ​ម៉ោង​៥​ពេល​ព្រលឹម ​ឡាន​មួយ​ខែ្ស​យ៉ាង​វែង​ដែល​ដឹក​កម្មករ​កូរ៉េខាងជើង​ ចាក​ចេញ​ពី​បរិវេណ​នោះ​ ម្តង​មួយៗ។ ភ្លើង​នៅ​លើ​ដំបូល​ឡាន​ទាំង​នោះ​ បាន​ចាំង​មួយភ្លែត​ៗ​ទៅ​លើ​អន្តេវាសិកដ្ឋាន​ (កន្លែង​ស្នាក់​នៅ) ដែល​ជា​លំនៅដ្ឋាន​បណ្តោះ​អាសន្ន​ធ្វើ​ឡើង​ពីក្តារ​ឈើហើយ​ត្រូវ​គេ​លាបពណ៌​ប្រផេះ ​ជាមួយ​ដំបូល​ធ្វើ​ពី​បន្ទះ​ដែក។

កម្មករ​ជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ប្រាប់​វីអូអេ​ថា​ បន្ទប់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​នោះ​ធ្វើឡើង​សម្រាប់​មនុស្ស​៨នាក់​ ៦នាក់​ និង​៤​នាក់។ លោក​បន្ថែម​ថា​ វា​មានភាព​អ៊ូអរ ហើយ​ចង្អៀត ក៏ប៉ុន្តែយ៉ាង​ហោច​ណាស់​ បន្ទប់​ទាំង​នោះ​មាន​បំពាក់​ដោយម៉ាស៊ីន​ត្រជាក់។

ប្រទេស​កូរ៉េ​ខាងជើង​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​ពិភពលោក​ និង​ជារដ្ឋ​ដែល​មាន​ការ​គាប​សង្កត់​ខ្លាំង​ជាង​គេ។ មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​ទៅ​ធ្វើការ​ក្នុង​ប្រទេស​១៦​ផ្សេងៗ ដោយ​ផ្ញើប្រាក់​សុទ្ធ​ត្រឡប់​ទៅ​ឲ្យ​រដ្ឋាភិបាល​ព្យុងយ៉ាង៕

ប្រែសម្រួល​ដោយ​ នៀម ឆេង