ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ត្រូវការ​ជំនួយ

រូបភាព​ឯកសារ៖ កម្មករ​​រុះ​រើ​ដុំ​ស៊ីម៉ង់​សេស​សល់​ពី ការ​បំផ្លាញ​ដោយ​ទឹក​ជំនន់ក្នុង​តំបន់ Onsong ភាគ ខាង​ជើង​ខេត្ត​ Hamgyong ប្រទេស​កូរ៉េ​ខាង​ជើងកាល​ពី​ថ្ងៃទី ១៦ កញ្ញា ២០១៦។

រដូវ​រងា​ធ្លាក់​ទឹកកក​ជិត​ចូល​មក​ដល់​ហើយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​នៅ​ទី​នោះ មនុស្ស​ជិត ៦ សែន​នាក់ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​កន្លង​មក កំពុង​ត្រូវការ​ជំនួយ​ជា​បន្ទាន់។

ខ្យល់​ព្យុះ​ដែល​បាន​បោកបក់​ចំ​ប្រទេស​កូរ៉េ​ខាង​ជើង​កន្លង​មក បាន​បង្ក​ជា​ទឹកជំនន់​ធ្វើ​ឲ្យ​លិចលង់​ភូមិ​ជា​ច្រើន​នៅ​ជិត​ទន្លេ Tumen ដែល​ស្ថិត​នៅ​តាម​ព្រំប្រទល់​ជាមួយ​ប្រទេស​ចិន និង​រុស្ស៊ី។

អង្គការ​ផ្ដល់​ជំនួយ​សប្បុរសធម៌​ផ្សេងៗ​បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ១៣៨ នាក់​បាន​បាត់​បង់​ជីវិត មនុស្ស ៤ រយ​នាក់​បាត់​ខ្លួន និង​មនុស្ស ៧ ម៉ឺន​នាក់​ផ្សេង​ទៀត​គេច​ចេញ​ពី​ផ្ទះ​សម្បែង។ ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ទសវត្សរ៍​ ១៩៩០ ក៏​បាន​រងគ្រោះ​ដោយសារ​គ្រោះ​រាំង​ស្ងួត​មួយ​ចំនួន ដែល​មួយ​ផ្នែក បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​រងគ្រោះ និង​ជួប​ប្រទះ​គ្រោះ​អត់​ឃ្លាន។

ទឹក​ជំនន់​នេះ ក៏​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ២ ម៉ឺន​ខ្នង និង​សាលារៀន ក៏​ដូចជា​មន្ទីរពេទ្យ​ផ្សេងៗ​ផង​ដែរ។ ជាង​នេះ​ទៅទៀត វា​ក៏​បាន​បំផ្លាញ​ចម្ការ​ដំណាំ​ដែល​ជិត​ប្រមូល​ផល​របស់​កសិករ អស់ ៣ ម៉ឺន​ហិកតា។

លោក Paolo Fattori ដែល​ជា​ប្រធាន​កម្មវិធី​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង​នៃ​អង្គការ Save the Children បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ ដូចជា​ទឹក​ស្អាត អាហារ​បរិភោគ និង​ការ​ជួយ​កសាង​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​សម្រាប់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ មុន​ពេល​ធាតុអាកាស​ធ្លាក់​ដល់​ក្រោម​សូន្យ​អង្សា។

អង្គការ UNICEF ដែល​បាន​សហការ​ជាមួយ​អង្គការ​ផ្សេងៗ​ទៀត កំពុង​អំពាវនាវ​រក​ជំនួយ​ចំនួន ២៨ លាន ២ សែន​ដុល្លារ​អាមេរិក សម្រាប់​ជំនួយ​បន្ទាន់ និង​ជំនួយ​រយៈពេល​វែង ដើម្បី​ជួយ​កសាង​ផ្ទះ​សម្បែង សាលារៀន និង​មន្ទីរពេទ្យ​នានា​ដែល​រង​ការ​បំផ្លាញ​ដោយសារ​ទឹកជំនន់ និង​ដើម្បី​ជួសជុល​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ដែល​រង​ការ​ខូចខាត៕