​ក្រុម​ឃ្លាំមើល​​​ឲ្យ​ដឹង​ថា​កូរ៉េខាង​​ជើង​កំពុង​ធ្វើ​ឲ្យ​ជឿនលឿន​ទី​តាំង​នុយក្លេអ៊ែរ

រូបឯកសារ៖ ទីតាំង​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ Punggye-Ri របស់​កូរ៉េ​ខាង​ជើង កាល​ពី​ខែ​មេសា ២០១៨។

ក្រុម​ឃ្លាំ​មើល​មួយ​ប្រាប់​ឲ្យ​ដឹង​ថា រូបភាព​តាម​ផ្កាយ​រណប​បង្ហាញពីភាព​ប្រសើរ​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​ថ្មីៗ​នេះ​នៅ​ឯ​កន្លែង​ស្រាវ​ជ្រាវ​នុយ​ក្លេអ៊ែរ​មួយ​របស់​ប្រទេស​កូរ៉េខាង​ជើង។

ក្រុម ​38 North​ ដែល​ឃ្លាំ​មើល​ព្រឹត្តិការណ៍​ខាង​យោធា ​សេដ្ឋ​កិច្ច​ ​សង្គម​និង​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹងនៅ​ក្នុង​របាយ​ការណ៍មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​រូប​ភាព​ដែល​ថត​មក​ពី​អាកាស​កាល​ពី​ថ្ងៃ​ទី២១ ​ខែ​មិថុនា ​បាន​បង្ហាញ​ថា​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​នុយ​ក្លេអ៊ែររបស់​ខ្លួន។

របាយការណ៍​នោះ​បាន​ចេញ​ផ្សាយ​ទើប​តែ​២សប្តាហ៍​បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ​ជុងអ៊ុន​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ដើម្បី​ធ្វើ​មិន​ឲ្យ​មាន​អាវុធនុយ​ក្លេអ៊ែរ​បន្ទាប់​ពី​ជំនួប​កំពូល​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ។​របាយការណ៍​នោះ​បាន​បង្កើន​សំណួរ​អំពី​ថា​តើ​ គីម ជុងអ៊ុន ​បាន​ចាត់​វិធាន​ការ​ដើម្បី​បញ្ឈប់​កម្មវិធី​នុយ​ក្លេអ៊ែររបស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាត់​តាំង​ពី​ជំនួប​កំពូល​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​ មក​ដែរ​ឬ​ទេ។

បណ្តាញ​ទូរទស្សន៍ NBC News ​បាន​ដក​ស្រង់​សម្តី​មន្រ្តី​មិន​ប្រាប់​អត្ត​សញ្ញាណ​៥​នាក់​របស់​អាមេរិក​យក​មក​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ទីភ្នាក់​ងារ​ស៊ើបយកការណ៍​របស់​សហរដ្ឋ​អាមេរិក​ជឿ​ជាក់​ថា ​កូរ៉េខាង​ជើង​បាន​បង្កើន​ផលិតផល​ការ​សម្រិត​សម្រាំង​ជាតិ​អ៊ុយរ៉ាញ៉ូម​សម្រាប់​ធ្វើ​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ឯ​កន្លែង​សម្ងាត់​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ បណ្តាញ​ទូរទស្សន៍​នោះ​បាន​រាយការណ៍​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​ព្យាយាម​លាក់​កម្មវិធីនោះ​នៅ​ពេល​ដែល​ខ្លួន​ស្វះ​ស្វែង​រក​សម្បទាន​នៅ​ក្នុថង​ការ​ចរចា​នុយ​ក្លេអ៊ែរជាមួយ​សហ​រដ្ឋ​អាមេរិក៕