កាលពីថ្ងៃចន្ទ ប្រធានាធិបតីស.រ.អា. លោក Donald Trump ទទួលបានព័ត៌មានត្រួសៗអំពីការស៊ើបការណ៍សម្ងាត់នៅឯក្លឹបកីឡាវាយកូលហ្គោលរបស់គាត់ក្នុងរដ្ឋ New Jersey ហើយគាត់បាននិយាយទូរសព្ទមួយម៉ោងជាមួយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រទេសកូរ៉េខាងជើង និងស្តាប់អំពីហេតុការណ៍ថ្មីៗបំផុតនៅក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងទ្វីបអាស៊ីអាគ្នេយ៍។
អ្នកនាំពាក្យសេតវិមាន Lindsay Walters បានផ្តល់សេចក្តីលម្អិតអំពី «វិស្សមកាលការងារ» របស់លោក Trump។ លោកឧត្តមសេនីយ៍ John Kelly នាយខុទ្ទកាល័យប្រធានាធិបតី និងពួកសហការីឯទៀតៗក៍ស្ថិតនៅរដ្ឋ New Jersey ដែរ។
កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងជើងបានវាយប្រហារតាមពាក្យសម្តីបកប្រឆាំងនឹងសេចក្តីសម្រេចជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ក្នុងការដាក់កំហិតទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងដោយសារការបាញ់បង្ហោះពិសោធកាំជ្រួចមីស៊ីលមានវង់ប្រតិបត្តិការឆ្ងាយរបស់ខ្លួនកាលពីខែកក្កដា។
លោក Tillerson ស្ថិតនៅក្នុងក្រុងម៉ានីលដើម្បីចូលរួមក្នុងការប្រជុំប្រចាំឆ្នាំនៃរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong Ho ក៏ស្ថិតនៅទីនោះដែរ ក៏ប៉ុន្តែគេមិនដឹងថាមានការចរចាទល់មុខគ្នានៅក្នុងជំនួបអាស៊ាននេះរវាងអស់លោកទាំងពីរនាក់នេះទេ៕