កូរ៉េខាងជើងបានសាកល្បងដ្រូនបំផ្ទុះដែលរចនាឡើងដើម្បីបុកកម្ទេចគោលដៅ ហើយមេដឹកនាំប្រទេសនេះលោក Kim Jong Un បានអំពាវនាវឱ្យផលិតអាវុធនេះឱ្យបានច្រើន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃសុក្រ។
ការបង្ហាញយុទ្ធោបករណ៍ថ្មីចុងក្រោយរបស់កូរ៉េខាងជើងនេះកើតឡើងពេលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានធ្វើសមយុទ្ធយោធារួមគ្នាដោយប្រើយន្តហោះចម្បាំងទំនើបៗនិងនាវាដឹកយន្តហោះអាមេរិកនៅក្នុងដែនទឹកអន្តរជាតិដែលនៅក្បែរកូរ៉េខាងជើងដើម្បីបង្ហាញកាយវិការការពារគ្នាប្រឆាំងនឹងកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយរូបថតលោក Kim ជជែកជាមួយក្រុមមន្ត្រីរបស់លោកនៅក្បែរយានដែលអាចហោះបានដោយគ្មានមនុស្សបើកពីរប្រភេទ។ យានទាំងនោះមានកន្ទុយនិងស្លាបរាងខ្វែងដែលមើលទៅស្រដៀងទៅនឹងយានដែលកូរ៉េខាងជើងបានបង្ហាញកាលពីខែសីហាដែរនៅពេលដែលលោក Kim ចុះពិនិត្យមើលការបង្ហាញមួយទៀតនូវដ្រូនដែលផ្ទុះពេលបុកនឹងគោលដៅ។
ទីភ្នាក់ងារ KCNA ថា ដ្រូនទាំងនេះហោះតាមផ្លូវផ្សេងៗហើយបុកគោលដៅចំឥតខ្ចោះ។ រូបភាពបានបង្ហាញនូវអ្វីមួយដែលមើលទៅដូចជាឡានម៉ាក BMW ដែលត្រូវបានបំផ្លាញខ្ទេចខ្ទីនិងរថក្រោះស៊េរីចាស់ដែលត្រូវបានបំផ្ទុះឱ្យបែកខ្ទេច។
លោក Kim បានសម្តែងការពេញចិត្តនឹងដំណើរការអភិវឌ្ឍអាវុធប្រភេទនេះ ហើយបានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការ «សង់ប្រព័ន្ធផលិតជាបន្តបន្ទាប់ឱ្យបានកាន់តែឆាប់កាន់តែល្អ ហើយផលិតទ្រង់ទ្រាយធំតែម្តង»។ លោកកត់សម្គាល់ថា ដ្រូនបានក្លាយជាអាវុធដ៏សំខាន់ស្លាប់រស់ក្នុងសង្គ្រាមសម័យទំនើប៕