ទីកន្លែងសាកល្បងនុយក្លេអ៊ែរដ៏សំខាន់របស់កូរ៉េខាងជើង អាចត្រូវខូចខាតហើយផ្នែកនានានៃទីកន្លែងនោះ មិនអាចប្រើប្រាស់បានទៀតទេ ក៏ប៉ុន្តែ ពួកអ្នកវិភាគនិយាយថា នេះមិនមានន័យថារដ្ឋាភិបាលក្រុងព្យុងយ៉ាងលែងអាចសាកល្បងអាវុធនុយក្លេអ៊ែរនៅទីកន្លែងនោះឬទីកន្លែងផ្សេងទៀតបាននោះទេ។
កាលពីចុងសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសន្យាបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលហើយនឹងបិទទីកន្លែងសាកល្បង Punggye-ri។ ទីកន្លែងសាកល្បងអាវុធនោះបានត្រូវប្រើប្រាស់សម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន៦លើករបស់ប្រទេសឯកោមួយនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថិរភាពរបស់ភ្នំ Mantap ដែលជាកន្លែងសាកល្បងអាវុធនោះបានក្លាយជាការយកចិត្តទុកដាក់និងការព្រួយកង្វល់មួយអំពីការលេចធ្លាយសារធាតុវិទ្យុសកម្ម។ ហើយឥឡូវនេះ ព័ត៌មានបានលេចឡើងអំពីការសិក្សាថ្មី២ដោយពួកអ្នកស្រាវជ្រាវអំពីការរំជួយផែនដីរបស់ចិនបានបញ្ជាក់ពីការព្រួយកង្វល់ទាំងនោះដែរ។
យោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន ប្រាប់ឲ្យដឹងថា ពួកអ្នកវិទ្យាសាស្រ្តក្នុងប្រទេសចិនបានរកឃើញសារធាតុវិទ្យុសកម្មបន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើង ទីខូងមួយនៅខាងក្នុងភ្នំ Mantap ដែលបានដួលរលំ។ ការសិក្សាមួយបានប្រាប់ឲ្យដឹងថា ការដួលរលំភ្នំនោះបានបង្កើតកន្លែងចេញផ្សែងដែលអាចធ្វើឲ្យសារធាតុវិទ្យុសកម្មចេញពីកន្លែងផ្ទុះនោះហើរចូលទៅក្នុងអាកាស។
របាយការណ៍មួយនៅក្នុងកាសែត Wall Street Journal នៅសប្តាហ៍នេះបានប្រាប់ឲ្យដឹងថា ការសិក្សាក៏បានព្រមានដែរថា ការសាកល្បងអាវុធបន្ថែមទៀត នៅទីកន្លែងនោះ អាចបណ្តាលឲ្យមានមហន្តរាយខាងបរិស្ថានយ៉ាងខ្លាំង៕