កូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់ផ្លោងមីស៊ីលដែលហោះបានរយៈចម្ងាយខ្លីមួយនៅព្រឹកថ្ងៃច័ន្ទនេះ គឺក្នុងរយៈពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រទេស G ៧ បានទាមទារឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងលះបង់មហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ថា ការបាញ់គ្រាប់មីស៊ីលនេះធ្វើឡើងនៅជិតក្រុង Wonsan ស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតប្រទេសកូរ៉េខាងជើង។ ទីបញ្ជាការនេះបានតាមដានគ្រាប់មីស៊ីលនេះបាន ៦ នាទី មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន ដែលគេស្គាល់ថាជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុននោះ។
ទីបញ្ជាការនេះ បានបន្ថែមទៀតថា គ្រាប់មីស៊ីលនេះមិនមែនជាការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានខឹងសម្បារ និងសច្ចាថានឹងឆ្លើយតបចំពោះការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនេះ។
លោក Shinzo Abe បានថ្លែងនៅតាមកញ្ចក់ទូរទស្សន៍របស់ជប៉ុនថា៖ «ដោយធ្វើការជាមួយនឹងសហរដ្ឋអាមេរិក យើងនឹងអាចចាត់វិធានការជាក់លាក់ដើម្បីរារាំងកូរ៉េខាងជើងបាន»។
រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទោះបីជាធ្លាប់បានព្រលយពាក្យប្រឆាំងនឹងកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក៏ដោយ ក៏មិនទាន់បានបញ្ជាក់អំពីគោលនយោបាយច្បាស់លាស់នៅក្នុងការឆ្លើយតបយ៉ាងណាជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនោះទេ។
ការសាកល្បងគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងលើកនេះ គឺជាការសាកល្បងលើកទី ២ នៅក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ដែលការសាកល្បងនេះធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មបន្ថែមទៀតដល់កូរ៉េខាងជើង ហើយមេដឹកនាំនៃក្រុមប្រទេស G ៧ បានថ្កោលទោសកូរ៉េខាងជើងអំពីការបាញ់គ្រាប់មីស៊ីលកាលពីលើកមុន៕