កូរ៉េខាងជើងប្រកាសប្រឆាំងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទាក់ទងនឹងការព្យាយាមរារាំងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។
ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការលើកទីមួយអំពីទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅអាស៊ី ដោយនិយាយតាមន័យដើមថា៖ «នេះជាដំណើរទស្សនកិច្ចរបស់ឈ្មួញសង្គ្រាម ស្វែងរកការប្រឈមមុខគ្នាជាមួយយើង ដោយព្យាយាមដកចេញនិងរារាំងកម្មវិធីនុយក្លេអ៊ែរសម្រាប់ការពារខ្លួនរបស់យើង»។
កូរ៉េខាងជើងក៏បានចោទថាលោក ត្រាំ ថាព្យាយាមធ្វើឲ្យកូរ៉េខាងជើងនៅដាច់ពីសហគមន៍ពិភពលោក និងធ្វើឲ្យរដ្ឋាភិបាលកុម្មុយនិស្តនេះឯកោ។ ក្រសួងការបរទេសកូរ៉ខាងជើងសរសេរអំពីលោកត្រាំ ថា «សម្តីមិនចេះគិតរបស់មនុស្សចាស់ឆ្កួតដូចជា ត្រាំ នឹងមិនអាចធ្វើឲ្យយើងភ័យខ្លាចឬមិនអាចបញ្ឈប់យើងបាននោះទេ»។
កិច្ចការភាគច្រើននៃទស្សនកិច្ច៥ថ្ងៃរបស់លោក ត្រាំ ទៅអាស៊ីគឺផ្តោតលើបញ្ហាកូរ៉េខាងជើង។ លោកប្រធានាធិបតីបានជំរុញលោក Xi Jinping ប្រធានាធិបតីចិនដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើតាមមន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី។ យោងតាមលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសស.រ.អា.បានឲ្យដឹងថា លោក ត្រាំ បានប្រាប់លោក Xi Jinping យ៉ាងដូច្នេះថា៖ «លោកជាអ្នកខ្លាំង។ ខ្ញុំជឿថាលោកអាចដោះស្រាយរឿងនេះឲ្យខ្ញុំបាន»។
លោក Xi Jinping កាលពីថ្ងៃសៅរ៍បានជំរុញឲ្យសមភាគីកូរ៉េខាងត្បូងរបស់លោកបើកការចរចាជាថ្មីជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយការគំរាមខាងសន្តិសុខបណ្តាលមកពីកូរ៉េខាងជើង។នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន៕