ប្រទេសកូរ៉េខាងជើងថា ខ្លួននឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលបង្កឲ្យកើតជំងឺកូវីដ ១៩។
រដ្ឋសភាកូរ៉េខាងជើងបានទទួលរបាយការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញអំពីវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងជើងនៅក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋាភិបាលកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ។
ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា មិនមានករណីឆ្លងជំងឺកូវីដ ១៩ នោះទេនៅក្នុងប្រទេសរបស់ខ្លួន តាំងពីជំងឺដែលបានផ្ទុះឡើងនៅប្រទេសចិននេះ បានឆ្លងរាលដាលពេញពិភពលោក។ កន្លងមក រដ្ឋភិបាលកូរ៉េខាងជើងបានដាក់មនុស្សរាប់ពាន់នាក់ ដែលរួមមានទាំងមន្ត្រីការទូតបរទេសផងដែរ ឲ្យនៅដាច់ដោយឡែកពីគេ៕