នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាននិយាយថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឯកភាពគ្នាថា ការបញ្ឈប់កូរ៉េខាងជើងមិនឲ្យបាញ់គ្រាប់មីស៊ីលនុយក្លេអ៊ែរ គឺជាអាទិភាពចម្បងបំផុត។
លោក Shinzo Abe និងលោក Donald Trump បានឯកភាពគ្នានេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយនៅថ្ងៃអង្គារនេះ។ នេះបើតាមការបញ្ជាក់របស់លោក Abe ប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
កិច្ចសន្ទនារវាងសម្ព័ន្ធមិត្តទាំងពីរបានធ្វើឡើង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា លោកនឹងពន្យារពេលការបាញ់មីស៊ីលទៅកាន់កោះ Guam ដែនដីរបស់សហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើង បានបញ្ជាក់នៅថ្ងៃអង្គារនេះថា លោក Kim Jong Un ទទួលបាននូវសេចក្ដីរាយការណ៍ពីយោធារបស់លោកអំពីគម្រោងក្នុងការបាញ់មីស៊ីលទៅកាន់តំបន់ជុំវិញកោះ Guam ដែលជាដែនដីសម្បូរទៅដោយមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក។ សេចក្ដីរាយការណ៍នោះ បានបញ្ជាក់ថា លោក Kim នឹងបន្តសង្កេតមើល «សកម្មភាពឆ្កួតលីលារបស់សហរដ្ឋអាមេរិក» មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ។
សេចក្ដីរាយការណ៍នេះចង់សំដៅដល់ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់ទុកសមយុទ្ធនេះថាជាការហាត់សមពិតៗសម្រាប់ការឈ្លានពានទៅលើប្រទេសកូរ៉េខាងជើង ប៉ុន្តែករណីនេះត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូលបដិសេធ៕